(ភ្នំពេញ)៖ ជាការកត់សម្គាល់ តារាចម្រៀងប្រុសដែល ជាអតីតបេក្ខជនក្នុងកម្មវិធី «The Voice Cambodia» និងបច្ចុប្បន្ន ជាតារាជាប់កុងត្រាក្នុងផលិតកម្ម We Production គឺលោក ឃុន វុត្ថា ហាក់ស្ងប់ស្ងាត់ មិនមានបទចម្រៀងថ្មីៗចេញនោះទេ ជាហេតុធ្វើឱ្យទស្សនិកជនមួយចំនួន គិតថាតារារូបនេះ ចាកចេញពីផលិតកម្មនេះបាត់ទៅហើយ។ ជាមួយគ្នានេះ ដើម្បីកំដរអារម្មណ៍ទស្សនិកជន លោក យុន វុត្ថា បានសម្រេចធ្វើបទចម្រៀង Cover ដោយខ្លួនឯង បានចំនួនពីរបទ គឺបទ «បំណាច់ស្រលាញ់» និងបទ «គោកខ្ពស់ក្បាលសរ» ខណៈខាងផលិតកម្ម ដែលលោកកំពុងជ្រកកោន គ្មានពេលផលិតចម្រៀងឱ្យ។

ទាក់ទងនឹងមន្ទិលរបស់ទស្សនិកជន និងការធ្វើចម្រៀង Cover ដោយខ្លួនឯង លោក ឃុន វុត្ថា បានថ្លែងប្រាប់តាមរយៈទូរស័ព្ទថា «តាមពិតទៅ លោកមិនបានចាកចេញទៅផលិតកម្មទេ គឺនៅដដែល ហើយមូលហេតុដែល មិនចេញចម្រៀងថ្មីក្នុងផលិតកម្ម ដោយសារតែ ខាងផលិតកម្មមមាញឹកខ្លាំង ជាហេតុធ្វើឱ្យគ្មានពេលក្នុងការផលិតចម្រៀង ជាពិសេស បច្ចុប្បន្ននេះ គឺមានតារាចូលមកច្រើនតែម្តង មិនថាក្មេងចាស់ប្រុសស្រីនោះទេ។ មូលហេតុនេះ ហើយដែលលោក បង្វែរមកធ្វើចម្រៀង Cover ផ្ទាល់ខ្លួនតែម្តង ដើម្បីកុំឱ្យអ្នកគាំទ្រអផ្សុក ម្យ៉ាងទៀត ដោយសារចម្រៀងទាំងពីរខាងលើ សុទ្ធសឹងតែចម្រៀង ដែលលោកចេះច្រៀង និងស្រឡាញ់ផងនោះ»

លោក សង្កត់ធ្ងន់ថា «ទោះលោកធ្វើចម្រៀងផ្ទាល់ខ្លួនបែប Cover ក្តី តែខាងក្រុមហ៊ុនហាក់មិនបានហាមឃាត់អ្វីឡើយ ព្រោះគិតថា ជាបទ Cover»។ ទោះយ៉ាងណាក្តី ទស្សនិកជនបានសម្តែងនូវការរីករាយផងដែរ ពេលឃើញតារារូបនេះ មានសកម្មភាពក្នុងវិស័យសិល្បៈ ទោះមិនលេចធ្លោរខ្លាំងក្តី តែចំពោះចម្រៀង Cover ដែលលោកធ្វើ គឺមានទស្សនិកជនជាច្រើនគាំទ្រ។ អ្វីដែលពិសេស ទោះមិនចេញបទចម្រៀងថ្មីក្នុងផលិតកម្ម តែលោក មានកម្មវិធី ត្រូវចេញទៅច្រៀងជារៀងរាល់សប្តាហ៍ផងដែរ ខណៈនៅថ្ងៃឆ្លងឆ្នាំខាងមុខ លោកក៏មានវត្តមាន ក្នុងការប្រគុំតន្រ្តីមួយចំនួនផងដែរ។

ចុងក្រោយ លោក ឃុន វុត្ថា តារាប្រុសមានទឹកដមសំនៀង រូបនេះ បានថ្លែងអំណរគុណដល់ ទស្សនិកជន ដែលបានគាំទ្រ បទចម្រៀងរបស់លោក ហើយលោកសង្ឃឹមថា ស្នាដៃចម្រៀង Cover របស់លោក នឹងមានទស្សនិកជនបន្តគាំទ្រតទៅទៀត៕