(ភ្នំពេញ)៖ កីឡាករខ្សែបម្រើក្នុងក្រុមជម្រើសជាតិកម្ពុជា គួច សុកុម្ភៈ មកទល់ពេលនេះបានលេងឲ្យក្លឹបបាល់ទាត់អាជីពចំនួន៣ មកហើយ និងបានរួមចំណែកយ៉ាងសំខាន់នាំឲ្យក្លឹបទាំងនោះឈ្នះពានក្នុងស្រុកបានទាំងអស់ថែមទៀតផង។

កីឡាករវ័យ ៣១ឆ្នាំរូបនេះធ្លាប់បានជួយឲ្យក្លឹបខេមរាកីឡា ឈ្នះជើងឯកពានសម្ដេចតេជោ ហ៊ុន សែន បាន១ដង ឆ្នាំ២០០៧ ជួយក្លឹបភ្នំពេញក្រោន លើកពានលីគកំពូលកម្ពុជា MCL ២ដងនៅក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៤ និងចុងក្រោយបន្តជួយឲ្យក្លឹបណាហ្គាវើលដ៍ លើកពានលីគកំពូលកម្ពុជា MCL រដូវកាលឆ្នាំ២០១៨ នេះដែរ។

សរុបទៅ សុកុម្ភៈ លេងបាន ៣ក្លឹបឈ្នះពានចំនួន៤។ លើសពីនេះទៅទៀត ខ្សែប្រយុទ្ធរូបនេះធ្លាប់ឈ្នះពានរង្វាន់ស្បែកជើងមាស ៣ដង កាលឆ្នាំ២០០៧ ឆ្នាំ២០០៩ និងឆ្នាំ២០១០។ សុកុម្ភៈ បានរួមចំណែកយ៉ាងខ្លាំង ដើម្បីជួយក្លឹបណាហ្គាវើលដ៍ លើកពានជើងឯកលីគកំពូល ឆ្នាំ២០១៨ ខណៈក្លឹបនេះបានខកខានតាំងពីឆ្នាំ២០០៩ មក និងឆ្នាំ២០១៩ ខាងមុខ រូបគេគឺជាកម្លាំងស្នូលមួយរូបរបស់ក្លឹបណាហ្គាវើលដ៍ ដើម្បីការពារតំណែងជើងឯកលីគកំពូលកម្ពុជា និងប្រជែងក្នុងពាន AFC Cup ដែលចាប់ផ្ដើមនាចុងខែកុម្ភៈ ឆ្នាំ ២០១៩។

សម្រាប់ទម្រង់លេងដែលមិនថមថយ និងអាចលេងបានច្រើនតំណែងកីឡាករ គួច សុកុម្ភៈ បានជាប់ជម្រើសជាតិតាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ននេះ ហើយកីឡាកររូបនេះ ក៏បានរៀនចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត C (AFC C License) ថែមទៀតផង៕