(ភ្នំពេញ)៖ ទៀប វឌ្ឍនៈ ធ្លាប់បង្ហាញខ្លួននៅក្រុមជម្រើសជាតិតាំងពីឆ្នាំ២០០៤ ប៉ុន្តែក្រោយមកដោយសាររបួសជង្គង់ធ្ងន់រហូតដល់វះកាត់ឆ្នាំ២០០៨ និងព្យាបាល ទើបធ្វើឲ្យរូបគេមិនសូវមានឱកាសជាប់ជម្រើសជាតិដូចមុន។

យ៉ាងណាក្ដី នៅឆ្នាំ២០១២ គេត្រូវបានកោះហៅឡើងវិញដោយគ្រូបង្វឹក ហុក សុចិត្រា។ គេធ្លាប់លេងឲ្យភ្នំពេញក្រោន (Hello United ពីមុន) ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧ មុនបន្តទៅណាហ្គាវើលពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦។ ក្រោយមកទៀត គេចូលរួមបឹងកេតអែហ្វស៊ី ឆ្នាំ២០១៦ និងបន្តទៅអាស៊ីអឺរ៉ុប ឆ្នាំ២០១៧។ ខ្សែប្រយុទ្ធមកពីខេត្តកំពតជួយឲ្យណាហ្គាវើល លើកពានលីគឆ្នាំ២០០៧ និងឆ្នាំ២០០៩ មុនលើកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៣។ នៅឆ្នាំ២០១៦ ជាឆ្នាំចុងក្រោយដែលគេជាសមាជិកលើកពានលីគកំពូលជាមួយបឹងកេត។

គួរបញ្ជាក់ផងដែរថា ទៀប វឌ្ឍនៈ ទោះក្លាយជាគ្រូជំនួយរបស់គ្រូបង្គោល សុក វាសនា ក៏បុរសវ័យ ៣៣ឆ្នាំរូបបញ្ជាក់ថា មិនប៉ះពាល់ដល់ការងារនៅសណ្ឋាគារណាហ្គាវើលទេ។ វឌ្ឍនៈ បានសង្កត់ធ្ងន់បែបនេះថា «ជាធម្មតាខ្ញុំធ្វើការចូល ព្រឹកម៉ោង ៥ព្រឹក ដល់ត្រឹម ២រសៀលអីហ្នឹងចេញហើយ ហើយត្រូវទៅធ្វើការនៅក្លឹបម៉ោង ៣តទៅ។ ពេលខ្លះខ្ញុំត្រូវវេន យប់ ២ ឬ ៣ថ្ងៃក្នុង ១ខែ ប៉ុន្តែអត់បញ្ហាទេ ព្រោះក្លឹបអនុគ្រោះបាន»។

អតីតខ្សែប្រយុទ្ធជម្រើសជាតិ និងក្លឹបភ្នំពេញក្រោន ណាហ្គាវើល និងបឹងកេត ទៀប វឌ្ឍនៈ ក្លាយជាគ្រូជំនួយនៅក្លឹបអាស៊ីអឺរ៉ុប យូណាយធីត ដើម្បីត្រៀមប្រកួតប្រជែងនារដូវកាលឆ្នាំ២០១៩ ខាងមុខ។ ការក្លាយជាគ្រូជំនួយនេះ ក្រោយរូបគេទើបបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត C (AFC C license) ដែលត្រូវតាមគោលការណ៍ និងលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី។

ទៀប វឌ្ឍនៈ បានបញ្ជាក់ទៀតថា គេចេញពីបឹងកេត ធ្លាប់គិចឈប់លេងហើយ តែស្គាល់គ្នាជាមួយអ្នកចាត់ការ អាស៊ីអឺរ៉ុប បង ម៉ែន ពិសិដ្ឋ និងគ្រូបង្គោល សុក វាសនា គាត់ក៏ហៅឲ្យជួយ ព្រោះគិតថានៅលេងបាន។ ប៉ុន្តែ ឥឡូវដោយសារកម្លាំងធ្លាក់ វ័យចាស់ដែរហើយ និងជាប់រវល់ការងារទៀត ក៏ ក្លឹបដំឡើងធ្វើគ្រូជំនួយនារដូវកាលថ្មីនេះតែម្តងទៅ៕