(ថៃ)៖ ពិតជារឿងមួយគួរឱ្យកោតសរសើរជាខ្លាំង ខណៈកូនភ្លោះទាំងពីររបស់ កំពូលតារាសម្តែងថៃ អ្នកនាង Chompoo Araya អាចរកចំណូលជូនឪពុកម្តាយ បានយ៉ាងច្រើន រហូតដល់ទៅ ១៥ លានបាតឯណោះ ក្នុងការផ្សព្វផ្សាយផលិតផលខោទឹកនោម ដែលមានឈ្មោះថា «BabyLove»។ ទន្ទឹមគ្នានេះ គេសង្កេតឃើញថា នេះជាលើកដំបូងហើយ សម្រាប់ក្រុមគ្រួសារ អ្នកនាង Chompoo Araya ក្នុងចូលរួមក្នុងកម្មវិធីនានា ក្រោយពេលនាងសម្រាលបុត្រ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ កំពូលតារាសម្តែងស្រី Chompoo Araya បានដឹកដៃស្វាមីរូបសង្ហារ ដែលជាសេដ្ឋីកប់ពពកប្រចាំប្រទេសថៃ ព្រមជាមួយនឹងកូនភ្លោះទាំងពីររបស់ខ្លួន ចូលរួមនៅក្នុងកម្មវិធី ផ្សព្វផ្សាយផលិតផលខោទឹកនោម «BabyLove»។ តាមរយៈការចូលរួមក្នុងកម្មវិធីនេះ Chompoo Araya ទទួលបានតម្លៃខ្លួនខ្ពស់ខ្លាំងរហូតដល់ទៅ ១៥ លានបាតឯណោះ (ប្រហែលជិត ៤៨ ម៉ឺនដុល្លារអាមេរិក)។

ទាំងនេះ ប្រៀបបាននឹងរឿងដែលធ្វើឱ្យមហាជន មានការកោតសរសើរ ចំពោះក្រុមគ្រួសាររបស់តារាសម្តែងស្រីរូបនេះយ៉ាងខ្លាំង ព្រោះបច្ចុប្បន្ននាងកាន់តែមានភាពល្បីល្បាញ ហើយរកលុយបានកាន់តែច្រើន ពីវិស័យសិល្បៈតាមរយៈកូនប្រុសភ្លោះ គួរឱ្យស្រលាញ់ទាំងពីរនាក់របស់ខ្លួន៕