(ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់លោក សាន ផានិត គឺមានទស្សនិកជនយ៉ាងច្រើនស្គាល់លោក ព្រោះតារាប្រុសរូបនេះ ប្រឡូកក្នុងវិស័យសិល្បៈជាយូរមកហើយ ខណៈបច្ចុប្បន្នប្រៀបបាននឹងរៀមច្បង សម្រាប់តារាជំនាន់ក្រោយ។ តែយ៉ាងណា មួយរយៈមុន លោក សាន ផានិត ហាក់ធ្លាក់កូដខ្លាំង សឹងតែហៅលេងឮតែម្តង ដែលធ្វើឱ្យលោក ហាក់បាក់ទឹកចិត្ត យ៉ាងខ្លាំងលើវិថីមួយនេះ។ ទោះបែបនេះក្តី តែម្ចាស់បទ «ជាប់រវល់» រូបនេះ មិនរាថយឡើយ ដោយលោកបានពុះពារ ជំនះ និងតស៊ូគ្រប់បែបយ៉ាង ដើម្បីសាងប្រជាប្រិយភាពឡើងវិញ។

ថ្លែងប្រាប់តាមរយៈទូរស័ព្ទ ជាមួយក្រុមការងារ Fresh News និង Khmer Talking លោក សាន ផានិត បាននិយាយដោយមានខ្លឹមសារថា «តាំងពីវិលចូលសិល្បៈវិញ ការងារចេះតែមានបណ្តើរៗ រហូតមកទល់នឹងបច្ចុប្បន្ន ការងារសិល្បៈរបស់លោក មមាញឹកយ៉ាងខ្លាំង ស្ទើរតែរកពេលទំនេរគ្មាន ទាំងការផលិតបទ Original Song និងការចេញទៅសម្តែង នៅក្រៅប្រទេស។ អ្វីដែលពិសេស នៅថ្ងៃខាងមុខឆាប់ៗនេះ លោកនឹងចេញទៅសម្តែងនៅទឹកដីប្រទេសកូរ៉េ តបតាមការអញ្ជើញរបស់ស្ថានទូតខ្មែរ ប្រចាំនៅកូរ៉េ ដែលសហការរៀបចំជាមួយក្រសួងការងារ ក្នុងកម្មវិធី ឆ្លងឆ្នាំសាកល ខាងមុខនេះ ដោយនឹងចេញទៅ ពីថ្ងៃ ២៨ខែធ្នូ ដល់ថ្ងៃទី០១ ខែ មករា»។

លោកថា «ការត្រឡប់មកវិញ ជាមួយ Original Song នេះ គឺសម្គាល់ឃើញថា មានទីផ្សារខ្លាំង បន្ទាប់ពីបទមុនៗ បានចេញពីរទៅបីបទរួចមក ខណៈបច្ចុប្បន្ន គឺមានបទថ្មីពីរបទទៀតហើយ ដែលទើបនឹងចេញ MV Trailer ថ្មីៗ ហើយនឹងចេញ Full MV នៅអាទិត្យក្រោយ មុនពេលលោកចេញទៅកូរ៉េ។ ទន្ទឹមគ្នានេះ សម្រាប់ចំណងដៃ ក្នុងការទៅសម្តែងនៅកូរ៉េ លោក នឹងមានចម្រៀង Original Song មួយបទទៀត មានចំណងជើងថា «រដូវស្លឹកឈើជ្រុះ» ជូនជាពិសេសសម្រាប់បងប្អូនខ្មែរ រស់នៅទីនោះ។ ខណៈបទនេះ និយាយអំពីពលករនៅកូរ៉េ មានការនឹករលឹកឪពុកម្តាយ បងប្អូនសាច់ញាតិនៅស្រុកកំណើតជាដើម»។

ជាមួយនឹងការពុះពារ ឆ្លងកាត់ការបាក់ទឹកចិត្ត អស់សង្ឃឹមលើវិថីសិល្បៈ រហូតមានទីផ្សារឡើងវិញ ដូចសព្វថ្ងៃនេះ លោក សាន ផានិត រំពឹងថា ស្នាដៃចម្រៀង Original Song របស់លោក នឹងមានទទួលបានការគាំទ្រពីទស្សនិកជន ស័ក្តសមទៅនឹងអ្វីដែល លោកបានខិតខំប្រឹងប្រែង។ ទោះបីជា លោកមិនដឹងថាជំហានមួយនេះ មានការគាំទ្រកម្រិតណាក៏ដោយ តែលោកនៅតែមានសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានលិទ្ធផលប្រសើរ។

តារាប្រុស ដែលស្ថិតក្នុងបេះដូងទស្សនិកជនរាប់ពាន់នាក់ លោក សាន ផានិត បានធ្វើការសំណូមពរដល់ទស្សនិកជន ឱ្យជួយគាំទ្រស្នាដៃចម្រៀង របស់លោកឱ្យបានច្រើន ដូចជាការ ​Like និង Share ជាដើម ព្រោះអ្វីដែលលោកកំពុងធ្វើ គឺប្រៀបបាននឹងនិមិត្តរូបនៃការតស៊ូ ដល់មនុស្សជំនាន់ក្រោយ ដែលលោកមិនអស់សង្ឃឹម។ ដោយសារលោក ជាតារាចម្រៀងឯករាជ មិនមានផលិតកម្មឡើងស្ទួយនោះទេ គឺមានតែខិតខំដោយខ្លួនឯង ដូច្នេះ ដើម្បីជាការលើកទឹកចិត្ត សូមទស្សនា ជួយគាំទ្រលោក សាន ផានិតឱ្យបានច្រើន។