(ភ្នំពេញ)៖ ពិតជាមានមោទនភាពក្រៃលែងក្នុងឆ្នាំ ២០១៩នាថ្ងៃទី១៤ដល់ថ្ងៃទី២៣ខែកុម្ភៈ សម្រាប់ប្រទេសកម្ពុជា នឹងត្រៀមធ្វើ ជាម្ចាស់ផ្ទះ នៅក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញាភពផែនដី Miss Planet International ឆ្នាំ ២០១៩ លំដាប់ថ្នាក់អន្ដរជាតិ ក្នុងពិភពលោក ដែលមានបវរកញ្ញា ៦០ ប្រទេសចូលរួម ដែលធ្វើឲ្យកម្ពុជា កាន់តែរីកមុខរីកមាត់ បន្ថែមទៀត នៅលើឆាកអន្ដរជាតិ។

នេះគឺជាលើកទី១ ដែលប្រទេសកម្ពុជា បានរៀបចំកម្មវិធីជ្រើសរើសបវរកញ្ញាភពផែនដី ដែលបានជ្រើសរើសបេក្ខនារី ឈ្នះជយលាភី ប្រចាំជាង ៦០ ប្រទេស យកមកប្រកួតនៅប្រទេសកម្ពុជា។ ក្នុងនោះ ប្រទេសនិមួយៗ មុននឹងយកមកប្រកួតនៅកម្ពុជា បេក្ខនារីប្រទេសនិមួយ ត្រូវចម្រាញ់យកអ្នកដែលមានសមត្ថភាព មានចំនេះដឹងទូទៅ មានរូបសម្រស់ស្រស់ស្អាត រួមទាំងមាននិស្ស័យចង់ក្លាយជាបវរកញ្ញា ផងដែរ។

ថ្លែង​ក្នុង​ពិធី​សន្និសីទ​ការ​សែត​អ្នក​នាង Halley Amin អគ្គនាយក​​ប្រតិបត្តិការ​​បវរកញ្ញា​​ផែន​ដី​អន្តរជាតិ ​ឲ្យ​ដឹង​ថា « ឆ្នាំដំបូងនេះ មានប្រហែល ៦០ ទៅ ៦៥ ប្រទេស នឹងចូលរួមក្នុងកម្មវិធីបវរកញ្ញាភពផែនដី ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះជ្រើសរើសបវរកញ្ញាភពផែនដី លើកដំបូង។

ដោយឡែក បវរកញ្ញានៅថៃ និង ឡាវ បានរកឃើញរួចហើយបរវកញ្ញា បានមកដល់ទឹកដីកម្ពុជាហើយ ដើម្បីស្វែងយល់ពីវប្បធម៌ ក៏ដូចជាទំនៀមទម្លាប់ ការស្លៀកពាក់ក៏ដូចជាដើម្បីស្វែងយល់ ពីតំបន់វប្បធម៌នៅកម្ពុជា មានប្រាសាទអង្គរវត្តជាដើម។ ដោយឡែក សម្រាប់បវរកញ្ញាភពផែនដីប្រចាំប្រទេសកម្ពុជា យើងនឹងធ្វើការរៀបចំ ប្រកួតជ្រើរើស នៅថ្ងៃទី ១២ ខែធ្នូ ខាងមុខនេះ។

​អ្នក​នាង Halley Amin បានបន្ថែមទៀតថា «ការរៀបចំកម្មវិធីបវរកញ្ញាភពផែនដីលើកទី១ នៅកម្ពុជានេះ ខ្ញុំសង្ឃឹមថា នឹងទទួលបានជោគជ័យ ហើយប្រទេសកម្ពុជា នឹងកាន់តែរីកចម្រើន ល្បីល្បាញ ជាងនេះទៅទៀត ទាំងវិស័យទេសចរណ៍ វិស័យវប្បធម៌ ទំនៀមទម្លាប់សាសនា ជាពិសេសបានបង្ហាញពីសម្រស់ដ៏ស្រស់សោភារបស់នារីខ្មែរ»

បវរកញ្ញាមកពីបណ្ដារប្រទេសទាំងអស់ នឹងត្រូវមកដល់កម្ពុជា ពីរ សប្ដាហ៍ មុនពេលកម្មវិធីផ្ដាច់ព្រ័ត ចាប់ផ្ដើម៕