(តូក្យូ)៖ ម្ចាស់ខ្សែក្រវាត់ WBC របស់ពិភពលោក Floyd Mayweather បានប្រកាសថា ជំនួបប្រកួតរវាងរូបគេ ប៉ះកីឡាករជប៉ុន Tenshion Nasukawa នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ នឹងធ្វើឡើងតែ ៣ទឹកប៉ុណ្ណោះ ដោយពុំមានចៅក្រមកាត់ក្តី និងសរសេរចូលក្នុងកំណត់ត្រាផងដែរ គឺប្រកួតបែបលក្ខណៈកម្សាន្តសប្បាយៗតែ ប៉ុណ្ណោះ។

កីឡាករជនជាតិអាមេរិក វ័យ ៤១ឆ្នាំ Floyd បានថ្លែងប្រាប់ Dailymail ក្នុង Gym ស្ថិតក្នុងទីក្រុង Las Vegas ថា «ការ សម្រេចឡើងសង្វៀនលើកនេះ គឺដើម្បី វាយលក្ខណៈបែបសប្បាយ Business តែប៉ុណ្ណោះ ដែលនេះជាអ្វីដែលខ្ញុំចង់ធ្វើដែលមានត្រឹមតែ ៣ទឹក ស្មើនឹង ៩នាទីនៅសង្វៀន»។

ការជួបគ្នាលើកទី១ សម្រាប់កីឡាករដែលមិនទាន់ស្គាល់ពាក្យថា «ចាញ់» ដូចគ្នានេះ នឹងត្រូវធ្វើឡើងនៅលើសង្វៀន Saitama Super Arena ស្ថិតនៅជាងក្រុងតូក្យូ ប្រទេសជប៉ុននាថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីជាការផ្សព្វផ្សាយ ពាណិជ្ជកម្ម ក៏ដូចជាអបអរឆ្នាំថ្មីផងដែរ។

Floyd Mayweather ដែលធ្លាប់យកឈ្នះជើងខ្លាំង Manny Pacquiao ដោយពិន្ទុកាលពីឆ្នាំ២០១៥ កំពុងកាន់កំណត់ ត្រាប្រកួត ៥០ដងមិនដែលចាញ់ និងបានបញ្ចប់ការឈ្នះរបស់ជើងឯកមកពី UFC, Conor McGregor ឲ្យបោះបង់ការ ប្រកួតក្នុងទឹកទី១០ កាលពីខែសីហា ឆ្នាំ២០១៧ ស្របពេលគូប្រជែង Nasukawa មានវ័យទើបតែ ២០ឆ្នាំ ធ្លាប់ប្រកួត បាន ២៧ដងមិនដែលចាញ់ដូចគ្នា និងផ្តួលដៃគូឲ្យសន្លប់បាន ២០ដង៕