(ភ្នំពេញ)៖ តារាសម្តែងស្រីជាប់ងារ ជាមេម៉ាយកូនមួយអត់ខាន់ស្លា ភិន សុដាលីស បច្ចុប្បន្នហាក់មានសុភមង្គលខ្លាំង ជាមួយនឹងកូនស្រីសំណព្វ ដែលជាដំណក់ឈាមរបស់ ប៉ែន ចំរ៉ុង។ ទន្ទឹមគ្នានេះ ក្រោយឮដំណឹងថា ប៉ែន ចំរ៉ុង ត្រៀមចូលរោងជ័យជាមួយគូស្នេហ៍ថ្មី នៅឆ្នាំ២០១៩ បែរជា​មានប្រភពមួយបង្ហើបថា ភិន សុដាលីស ដាក់បម្រាមដាច់ខាតមិនឱ្យអតីតប្តី ជួបកូនស្រីតែម្តង រហូតមានពេលខ្លះ ចំរ៉ុង បានខ្ចីកូនគេមកបី ដោយឧបកិច្ចថាជាកូនរបស់ខ្លួន។

ជាក់ស្តែង តាមរយៈការបំពាក់ចិញ្ជៀនឱ្យគូសង្សារថ្មី នៅចំពោះមុខចាស់ទុំទាំងសងខាង ប៉ែន ចំរ៉ុង បានប្រកាសក្តែងដោយប្តេជ្ញាថា រូបគេនឹងរៀបការជាមួយស្រីស្អាតបណ្តូលចិត្ត នៅឆ្នាំ២០១៩ ខាងមុខនេះ។ បើតាមសកម្មភាពរាល់ថ្ងៃ មហាជនសង្កេតឃើញថា មើលទៅអារម្មណ៍ចំរ៉ុងហាក់ស្រស់ថ្លាខ្លាំងខុសធម្មតា ដោយតែងតែបង្ហាញភាពផ្អែមល្ហែម ឱបថើបអនាគតប្រពន្ធ នៅចំពោះ​មុខឪពុកម្តាយខាងស្រីទៀតផង។ ខណៈសកម្មភាពបែបនេះត្រូវបានមិត្តសិល្បៈ និងទស្សនិកជនថា ហាក់ឌឺដងជាមួយនឹង សុដាលីស។

ទោះបីជាបែបនេះក្តី តែបើតាមមិត្តស្និទ្ធនឹង ភិន សុដាលីស បានបង្ហើបថា បេះដូង សុដាលីស ក៏មិននៅទំនេរដែរ ប៉ុន្តែគ្រាន់តែនាងចង់ឱ្យអតីតស្វាមីរៀបការមុន។ ចំណែកឯ កូនស្រីជាទីស្រឡាញ់ ដែលមានវ័យជាង ១ឆ្នាំ មានឈ្មោះថា Katerina នោះគឺនៅតែត្រូវបាន ភិន សុដាលីស រឹតបន្ទឹងមិនឱ្យជួបមុខជាដាច់ខាតដដែល៕