(បរទេស)៖ ស្របពេលដែលប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន ក្រោមកំណែទម្រង់សេដ្ឋកិច្ចចក្ខុវិស័យឆ្នាំ២០៣០ ហើយក៏ត្រូវដល់ពេលវេលាដែលស្ត្រី ត្រូវចូលរួមនៅក្នុងសកម្មភាពរីកចម្រើនលើគ្រប់វិស័យទាំងអស់ រួមទាំងឧស្សាហកម្ម, ការដើរបង្ហាញម៉ូដបែបទាន់សម័យ។ នេះគឺជាការលើកឡើងរបស់ម្ចាស់ក្សត្រីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រាប់ CGTN Digital ក្នុងបទសម្ភាសផ្តាច់មុខ បន្ទាប់ពីយីហោម៉ូដរបស់ព្រះនាង មានឈ្មោះថា JINO ដែលត្រូវបានដាក់បង្ហាញត្រៀមបញ្ចេញសម្រាប់រដូវរងា និងរដូវស្លឹកឈើជ្រុះ នាឆ្នាំ២០១៨ ដោយមានការចូលរួមពីតារាបង្ហាញម៉ូដស្ត្រីទាំងអស់នៅព្រះបរមរាជវាំង នៅ Riyadh។

ព្រះនាង Noura bint Talal bin Saud ដែលជាអ្នកគ្រប់គ្រងហាងសម្លៀកបំពាក់ JINO បានលើកឡើងថា «ចក្ខុវិស័យ ២០៣០ ត្រូវបានបង្កើតឡើង សម្រាប់បរិយាកាសនៃភាពច្នៃប្រឌិត។ វាគឺជាទំនួលខុសត្រូវរបស់ពួកយើង ចំពោះប្រជាជនអារ៉ាប៊ីសាអូឌីតដែលនាំមុខ ដើម្បីបង្ហាញឲ្យពិភពលោកបានដឹងពីទេពកោសល្យរបស់ពួកយើង ហើយពួកយើងពិតជាមានច្រើនទៀតផង»

ការបង្ហាញម៉ូដដ៏ចុងក្រោយបំផុត JINO តារាបង្ហាញម៉ូដបានស្លៀកនូវឈុតសម្លៀកបំពាក់ថ្មីៗ ដែលមានព័ទ្ធជុំវិញដោយផ្កាកុលាបជាច្រើន​ ដូចជាបទចម្រៀងប៉ុបមួយចំនួននៅទសវត្សរ៍ឆ្នាំ១៩៩០ ដែលបានលេងនៅផ្ទៃខាងក្រោយ ហើយនេះក៏ជាព្រឹត្តិការណ៍ ដែលមិនធ្លាប់ឭនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីប៉ុន្មានឆ្នាំមុន៕