(ភ្នំពេញ)៖​ ក្រុមបាល់ទាត់សូលទីឡូអង្គរ ដែលដឹកនាំដោយអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា គឺលោក Keisuke Honda បានបង្ហាញគ្រូថ្មី ដើម្បីត្រៀមយុទ្ធនាការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ ហើយ គឺលោក Darren Pomroy ដែលជាគ្រូបង្វឹកជនជាតិអង់គ្លេស និងមានសញ្ញាបត្រកម្រិត UEFA ‘A’ License ទៀតផង។

ការតែងតាំងគ្រូបង្វឹកថ្មីនេះ ត្រូវបានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹប កាលពីល្ងាចមិញ បន្ទាប់ពីសូលទីឡូអង្គរ បានចែកផ្លូវជាមួយគ្រូបង្វឹកជនជាតិជប៉ុនលោក Yuki Matsuda កាលពីពេលថ្មីៗ។ ប៉ុន្ដែមុនចូលមកដឹកនាំក្រុមចំណាត់ថ្នាក់លេខ៨ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នេះ Darren Pomroy ក៏ធ្លាប់ធ្វើការងារជាមួយក្រុមពាក់កណ្ដាលអាជីព Next Step លើទឹកដីអង្គរ នាខេត្តសៀមរាបមួយរយៈមកធំមកហើយ។

តែយ៉ាងណាថ្នាក់ដឹកនាំក្លឹបសូលទីឡូអង្គរ មានជំនឿចិត្ដ ក្នុងការនាំយកគ្រូបង្វឹកមានបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលយុវជននេះ មកដឹកនាំក្រុមនារដូវកាលថ្មីខាងមុខ ឆ្ពោះទៅរកលទ្ធផលកាន់តែល្អប្រសើរ គ្រាដែលលោក Darren Pomroy ក៏សប្បាយចិត្ត ចំពោះការចូលកាន់តំណែងជាគ្រូបង្វឹក នៃក្លិបអាជីព នៅលីគកំពូលកម្ពុជា លើកដំបូងនេះដែរ៕