(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកវ័យក្មេងកម្ពុជា ម៉ីន មូសស្ដាន បានទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក នៃពានរង្វាន់ស្ដេចថៃ King Cup-Jet Ski World Cup 2018 កាលពីម្សិលមិញ។

យោងតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ប្អូនជីដូនមួយរបស់ម្ចាស់មេដាយមាស Asian games សាលី អ៊ូមើត រូបនេះ គឺបានប្រកួតលើវិញ្ញាសា Amateur Ski limited ហើយក្រោយបូកពិន្ទុសរុបក្នុងការប្រកួតរយៈពេល ២ថ្ងៃ ម៉ីន មូសស្ដាន ក៏ទទួលបានចំណាត់ថ្នាក់លេខ៣ តែម្ដង។

យ៉ាងណាមិញការប្រកួតមិនទាន់បញ្ចប់នោះទេ ស្របពេលកីឡាករ សាលី អ៊ូមើល ក៏មិនទាន់បញ្ចប់ការប្រកួតលើវិញ្ញាសារបស់ខ្លួនដែរ ខណៈការប្រកួតគ្រោងបញ្ចប់ នាថ្ងៃទី០៩ ខែធ្នូស្អែក ហើយថ្នាក់ដឹកនាំសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក៏សង្ឃឹមថា ពួកគេនឹងបន្ដដណ្ដើមបានជ័យលាភីជាបន្ដបន្ទាប់ទៀត នៅក្នុងការប្រកួតកម្រិតពិភពលោកនេះដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ King Cup-Jet Ski World Cup 2018 ដែលរៀបចំដោយសមាគមកីឡាម៉ូតូទឹកថៃ ប្រចាំឆ្នាំនេះ ត្រូវធ្វើឡើងទ្រង់ទ្រាយធំជាងមុន ដោយមានកីឡាករជើងខ្លាំងជុំវិញពិភពលោកប្រមាណជាង ៥០ប្រទេសឯណោះចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករជើងខ្លាំងកម្ពុជា ២រូបដែរ គឺ សាលី អ៊ូមើត និង ម៉ីន មូសស្ដាន៕