(មេនឆេស្ទើ)៖ ការប្រកួតដ៏សំខាន់ក្នុងការស្វែងរកពិន្ទុបន្ថែមរបស់ក្លឹបមេឃខៀវ Manchester City ដោយត្រូវប៉ះម្ចាស់ផ្ទះក្លឹបតោខៀវ Chelsea ក្នុងកីឡដ្ឋាន Stamford bridge ដោយអវត្តមានកីឡាករឆ្នើម ២រូបមានដូចជាខ្សែប្រយុទ្ធ Aguero និងខ្សែបម្រើ De Bruyne ក្នុងសប្តាហ៍ទី១៦ នៃ Premier League នាថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។

បើតាមការឲ្យដឹងរបស់គ្រូបង្វឹក Pep Guardiola បានបញ្ជាក់ថា កីឡាករខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហង្ស់ទីន Aguero មិនអាចវិលចូលទីលានវិញបានទេ ដោយសារបញ្ហារបួសមិនទាន់ជា ក្នុងខណៈជម្នះកាលពីសប្តាហ៍មុន រូបគេក៏ខកខានដូចគ្នា។

ចំណែកឯកីឡាករខ្សែបម្រើកណ្តាល Kevin De Bruyne ក៏ត្រូវបានលោក Pep មិនដាក់ឈ្មោះក្នុងបញ្ជី ១១នាក់ផងដែរ ត្រូវបានតាមដានបញ្ហារបួសបន្តទៀត បើទោះបីជាកីឡាករប៊ែលហ្ស៊ិករូបនេះបានចូលហ្វឹកហាត់វិញក៏ដោយ។

ក្រុមការពារតំណែងជើងឯក Man City បច្ចុប្បន្នឈរនៅកំពូលតារាង Premier League បណ្តោះអាសន្ន ដោយមាន ៤១ពិន្ទុ លេងឈ្នះ ១៣ដង ស្មើ២ដង មិនដែលចាញ់ឡើយ គ្រាដែល Chelsea ឈរនៅលេខ៤ មាន៣១ពិន្ទុ ឈ្នះ ៩ដង ស្មើ៤ដង និងចាញ់២ដង៕