(ភ្នំពេញ)៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅការងារ ឆ្នាំ២០១៩ ក្រោមវត្តមានរបស់លោកបណ្ឌិត ច័ន្ទ សារុន សមាជិករដ្ឋសភា និងជាប្រធានសហព័ន្ធ, លោក កែវ រ៉េមី ទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធ រួមទាំងសមាជិកប្រតិបត្តិ ថ្នាក់ដឹកនាំក្លឹប-សមាគម និងកីឡាករ-កីឡាការិនីគុនល្បុក្កតោជាច្រើន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានសហព័ន្ធ បានថ្លែងថា សម្រាប់ឆ្នាំ២០១៩ ខាងមុខ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានភារកិច្ចធំៗចំនួន ៣ ត្រូវធ្វើ ទី១៖ ការត្រៀមចុះបញ្ជីគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយ​នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ទី២៖ ការបណ្ដុះបណ្ដាលគ្រូបង្គោល សម្រាប់បង្ហាត់កងទ័ព និងបង្ហាត់ក្នុងមុខវិជ្ជាអប់រំកាយ និងកីឡា និងទី៣ ការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម។

ទី១៖ បន្ទាប់ពី “ល្ខោនខោល” ចុះបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ គឺដល់វេនល្បុក្កតោម្ដង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនដំណឹងថា សហព័ន្ធត្រូវរៀបចំឯកសារឡើងវិញបន្ដិច ដើម្បីស្នើបញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ។ អញ្ចឹងមហាគ្រួសារគុនល្បុក្កតោត្រូវមានភារកិច្ចរួមគ្នា គាំទ្រ និងត្រៀមខ្លួនអបអរសាទរទាំងអស់គ្នា ពិសេសសហព័ន្ធត្រូវធ្វើការជាមួយក្រសួងវប្បធម៌ ដែលជាស្ថាប័នមានបទពិសោធន៍ ដើម្បីដាក់ឯកសារទៅ ដឹងតែជាប់តែម្ដង។

ទី២៖ ការបណ្ដុះបណ្ដាលគ្រូបង្គោល ត្រៀមបង្ហាត់កងយោធពលខេមរភូមិន្ទ ក្រោមការជំរុញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត។ មួយទៀត ការបង្ហាត់គ្រូបង្គោល នៅសាលាអប់រំកាយ និងកីឡា បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចដាក់គុនល្បុក្កតោ ក្នុងមុខវិជ្ជាអប់រំកាយ និងកីឡា ក្នុងម៉ោងសិក្សាផ្លូវការ សម្រាប់ថ្នាក់ទី០៧-១២ ចាប់ពីឆ្នាំ២០១៩ ទៅ ក្រោមកិច្ចសហការជាមួយអង្គការ JICA ដើម្បីបណ្ដុះបណ្ដាលគ្រូបង្គោល និងបញ្ជូនទៅបង្ហាត់បង្រៀនតាមសាលាទូទាំងប្រទេស។

ទី៣៖ សហព័ន្ធត្រូវត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម។ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ល្បុក្កតោដឹងតែមានហើយ តែសហព័ន្ធត្រូវផ្សព្វផ្សាយឲ្យបណ្ដាប្រទេសមួយចំនួន មានការហ្វឹកហាត់ និងគាំទ្រ ដើម្បីទាក់ទាញចូលរួម។ ម្យ៉ាងឆ្នាំក្រោយ ស៊ីហ្គេម នៅហ្វីលីពីន បានដាក់កីឡាមួយឈ្មោះ ARNIS ដែលជាប្រភេទកីឡាដំបងខ្លី ហើយគេក៏បានអញ្ជើញគុនល្បុក្កតោកម្ពុជាចូលរួមដែរ។ ហេតុនេះសហព័ន្ធត្រូវត្រៀមខ្លួនឲ្យបានល្អ ដើម្បីប្រកួតប្រជែង និងផ្សព្វផ្សាយពីការដាក់កីឡាព្រលឹងជាតិមួយនេះ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

លោកបណ្ឌិត ច័ន្ទ សារុន មានប្រសាសន៍ថា នេះគឺជារឿងមោទនភាព សម្រាប់ការរួមគ្នា ក្នុងចងក្រងឯកសារគុនល្បុក្កតោ និងស្នើចុះបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ។ លោកសង្ឃឹមថា ព្រឹទ្ធាចារ្យ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីគ្រប់ជំនាន់ នឹងបន្ដជំរុញការអភិវឌ្ឍន៍កីឡាក្បាច់គុនព្រលឹងជាងមួយនេះឲ្យកាន់តែរីកចម្រើន នាថ្ងៃអនាគត ពិសេសគឺលោកចង់ឃើញកីឡាករ-កីឡាការិនីកម្ពុជា ទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៕