(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ និងប្រដាល់សាកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ នឹងត្រូវរៀបចំជាលើកទី២ នៅតំបន់អភិវឌ្ឍន៍ 7NG នាឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាលនៅសប្ដាហ៍ក្រោយ ដោយមានការផ្លាស់ប្ដូរលក្ខខណ្ឌចូលរួមថ្មី ដែលនឹងធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត ស្របពេលលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Group បានត្រៀមចំណាយជាង ៤ម៉ឺនដុល្លារឯណោះ ដើម្បីរួមចំណែករៀបចំព្រឹត្តិការណ៍ឲ្យកាន់តែកក្រើក។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា នេះគឺជាលើកទី២ ហើយ ដែលសហព័ន្ធទទួលបានការឧបត្ថម្ភពីលោកឧកញ៉ា ស្រី ចាន់ថន ដើម្បីរៀបចំជើងឯកថ្នាក់ជាតិនៅជាយក្រុង។ តែឆ្នាំនេះ សហព័ន្ធកីឡាប្រដាល់ទាំងពីរបានធ្វើកំណែទម្រង់ថ្មីមួយ ដើម្បីធានាប្រកួតឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ពោលគឺក្នុង ១ប្រភេទទម្ងន់សហព័ន្ធ អនុញ្ញាតឲ្យក្លឹប និងសមាគម តំណាងរាជធានី-ខេត្តនីមួយៗ បញ្ជូនកីឡាករត្រឹមតែម្នាក់ប៉ុណ្ណោះ មិនអនុញ្ញាតឲ្យចូលរួមដោយសេរីដូចមុនឡើយ។

 លោកថា «ការធ្វើបែបនេះ គឺអាចធានាគុណភាពប្រកួតបានល្អ ជាងយើងប្រមូលផ្ដុំ មកប្រកួតទាំងអស់ ដោយមិនឆ្លងកាត់ការជម្រុះ និងការវាយតម្លៃ។ ដូច្នេះការប្រកួតឆ្នាំនេះ ក្នុង១ប្រភេទទម្ងន់ ក្លឹប ឬសមាគមគ្រប់រាជធានី-ខេត្ត ត្រូវបានកំណត់ឲ្យចម្រាញ់យកកីឡាករជើងខ្លាំងតំណាងក្លឹប ឬសមាគមខ្លួនមកចូលរួមបានតែម្នាក់ប៉ុណ្ណោះ។ យើងសង្ឃឹមថា ការផ្លាស់ប្ដូរលក្ខខណ្ឌចូលរួមថ្មីនេះ នឹងធ្វើឲ្យយើងចម្រាញ់បាននូវធនធានកីឡាករ-កីឡាការិនីឆ្នើម និងមានសមត្ថភាពពិតប្រាកដ ដើម្បីប្រមូលផ្ដុំជម្រើសជាតិ ត្រៀមការប្រកួតលើឆាកអន្ដរជាតិ ដូចជាដំណើរឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ ផងដែរ»

ដោយឡែកលោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា ឆ្នាំនេះលោកត្រៀមចំណាយជាង ៤ម៉ឺនដុល្លារឯណោះ ដែលកើនជាងឆ្នាំ ដើម្បីរៀបចំជើងឯកថ្នាក់ជាតិ ប្រដាល់គុនខ្មែរ និងប្រដាល់សាកលឲ្យកាន់តែកក្រើក ហើយលោកបានសម្ដែងនូវការសប្បាយចិត្ត និងពេញចិត្ត ចំពោះការរួមចំណែកមួយនេះ ដោយសារការស្រលាញ់ និងចង់លើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាប្រដាល់សាកលកម្ពុជាឲ្យកាន់តែរីកចម្រើន តាមរយៈការឧបត្ថម្ភទាំងស្រុងលើការរៀបចំ ការស្នាក់នៅ ការហូបចុក របស់ប្រតិភូ និងកីឡាករ-កីឡាការិនីគ្រប់រាជធានី-ខេត្ត ក៏ដូចជាការរៀបចំផ្ដល់ប្រាក់រង្វាន់បន្ថែមជាមួយសហព័ន្ធជាដើម។

ចំពោះកាលបរិច្ឆេទនៃការប្រកួតជើងឯកឆ្នាំនេះវិញ គឺមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែធ្នូខាងមុខ ដោយកីឡាគុនខ្មែរ មានកីឡាករ-កីឡាការិនីចូលរួមសរុប ៩៦នាក់ ដែលត្រូវប្រកួតលើវិញ្ញាសាចាប់ពីទម្ងន់ ៤៥គីឡូក្រាម រហូតដល់ទម្ងន់ ៧១គីឡូក្រាម និងកីឡាប្រដាល់សាកល មានកីឡាករ-កីឡាការិនីចូលរួមសរុប ៦៦នាក់។ លើសពីនេះ លោកឧកញ៉ា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំភ្លេចចូលរួមទស្សនា និងលើកទឹកចិត្តដល់កីឡាករឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ ក៏ដូចជាចូលរួមកម្សាន្ដជាកម្មវិធីជាច្រើន នៅតំបន់អភិវឌ្ឍន៍របស់ខ្លួន ដូចជាការប្រគំតន្ដ្រី និងការតាំងពិព័រណ៍ផ្សេងៗជាដើម៕