(ភ្នំពេញ)៖ អ្នកចាត់ការក្រុមអង្គរថាយហ្គឺរ លោក Yusuke Shinoda បានថ្លែងថា ក្លឹបទទួលបានពានរង្វាន់ពីកម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា ដែលរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ពាន CNCC Award បានផ្តល់ដល់ក្លឹបអង្គរថាយហ្គឺរ កាលខែវិច្ឆិកា ក្នុងនាមក្លឹបមានទស្សនិកជនចូលរួមទស្សនាច្រើនជាងគេក្នុង ១រដូវកាលឆ្នាំ២០១៨ កន្លងទៅ គឺបានមកពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកជួរមុខរបស់ពួកយើង និង អ្នកគាំទ្ររបស់យើងនៅខេត្តសៀមរាប។

អ្វីដែលសំខាន់ផងនោះ ក្លឹបអង្គរថាយហ្គឺរដែលគ្រប់គ្រងដោយជនជាតិជប៉ុនមួយនេះ ទទួលការចាប់អារម្មណ៍ចូលរួមទស្សនាច្រើនជាងគេចំនួន ១៧៧៥២នាក់ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៨ កន្លងទៅផងដែរ។

បន្ថែមលើនេះ អ្នកចាត់ការសញ្ជាតិជប៉ុនរូបនេះបានបន្តថា លោកមានមោទនភាពចំពោះការលើកទឹកចិត្តពេញមួយរដូវកាលពីសំណាក់អ្នកគាំទ្រ ហើយលោកអរគុណអស់ពីដួងចិត្តដែលរួមចំណែកធ្វើឲ្យបាល់ទាត់ខេត្តសៀមរាបដើរទៅមុខ។ លោកបញ្ជាក់ថា បើគ្មានការគាំទ្រទេ នោះបាល់ទាត់កម្ពុជាមិនដើរទៅមុខឡើយ ដូច្នេះនេះជាកម្លាំងចិត្តដ៏សំខាន់សម្រាប់បុគ្គលិក និងកីឡាករទាំងអស់។ ពាន CNCC Award សម្រាប់ឆ្នាំ២០១៨ នេះ គឺជាសក្ខីភាព ដែលបង្ហាញថា អ្នកគាំទ្រ និងក្លឹបសម្រេចបានក្ដីសុបិន្តមួយ ហើយត្រូវបន្ដក្ដីស្រមៃ ការលើកទឹកចិត្ត និង ក្ដីសង្ឃឹមរួមគ្នាជាបន្តទៀតដើម្បីឲ្យបាល់ទាត់នៅខេត្តសៀមរាបរីកចម្រើន។

សូមបញ្ជាក់ថា នៅរដូវកាលឆ្នាំ២០១៨ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Oriol Mohedano ធ្វើឲ្យមានភាពភ្ញាក់ផ្អើលខ្លាំងនៅពានរង្វាន់សម្ដេច ហ៊ុន សែន ដោយអាចទម្លាក់ភ្នំពេញក្រោន ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕