(ភ្នំពេញ)៖ កញ្ញា វ៉ាង ស្រីណូ ក្រោយបាត់មុខពីសិល្បៈមួយរយៈ គេសង្កេតឃើញតារាស្រីរូបនេះ ហាក់ដូចជាឡើងកូដ ក្លាយជាសេដ្ឋីនីភ្លាម ជាមួយនឹងការជោគជ័យ ក្នុងជំនួញផ្ទាល់ខ្លួន។ ទោះបីជា​ស្ងប់​ស្ងាត់​ពី​សិល្បៈ​​ក៏​ពិត​មែន ​តែ​បើ​ក្រឡេក​មើល​ជីវិត​​​ឯក​ជន​របស់​នាង​វិញ ហាក់​ឡូយ​ឆាយ​មិន​ចាញ់ ​ត្រកូល​អភិជន​ប៉ុន្មាន​ឡើយ ខណៈថ្មីៗ នេះ នាងបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់ៗ​គ្នា ​ដោយស្រីស្រស់រូបនេះ បាន​ទិញ​រថយន្ត​ Lexus មួយ​គ្រឿង​ ធ្វើជាកាដូរ ជូនដល់​អ្នក​មាន​គុណ ​ជា​ទី​ស្រឡាញ់​ទាំង​ពីរ ​ដែលនាងបានលើកឡើងថា ​ជារបស់ដែលលោក​​ចង់​បាន​ជា​យូរ​មក​ហើយ​។

ជាក់ស្ដែងស្រីស្រស់សម្រស់បាន វ៉ាង ស្រីណូ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុក​របស់ខ្លួន ភ្ជាប់ជាមួយនឹងសារដែលមានអត្ថន័យយ៉ាង ដូច្នេះថា​ «​ជូន​កាដូរ​ឡាន​ថ្មី​ដល់​អ្នក​មាន​គុណ​ ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ​ អ្នក​មាន​គុណ​ស្រឡាញ់​អី ​បើ​កូន​មាន​សមត្ថភាព​ បំពេញ​បំណង​លោក​បាន​ កូន​នឹង​ធ្វើ​វា​​​ដើម្បី​ឲ្យ​លោក ទាំង​ពីរ​រីក​រាយ​ភ្លាម។ អ្នក​មាន​គុណ​ គាត់​មាន​ប្រសាសន៍​ថា គាត់​ស្រឡាញ់​ឡាន​ Lexus ហ្នឹង​ គាត់​មិន​ចង់​បាន​ឡាន ​អី​ផ្សេង​ទេ ទោះ​ឲ្យ​ថ្លៃ​ជាង​ហ្នឹង​ក៏​គាត់​មិន​យក​ដែរ។ អ៊ីចឹង​មាន​តែ​តម្រូវ​តាម​ចិត្ត​គាត់ ​កូន​ស្រឡាញ់​លោក​ទាំង​ពីរ»

 កញ្ញា វ៉ាង ស្រីណូ នេះ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា នាងបានទិញវីឡាភ្លោះ តម្លៃជាង១លានដុល្លារ នៅក្នុង បុរីប៉េង ហួត (បឹងស្នោ) ចំពេលដែលមានព័ត៌មានថា នាងមានទំនាក់ទំនងស្នេហា ជាមួយលោកថៅកែលក់ពេជ្រ នៅសាំងហ្គាពួរម្នាក់។ ប៉ុន្ដែ វ៉ាង ស្រីណូ មិនដែលហ៊ានចេញមុខលាតត្រដាង រឿងស្នេហានោះឡើយ សូម្បីតែផ្ទះវីឡាលេចឡើងជ្រងោរៗ នៅបឹងស្នោ ដែលគេស្គាល់ថា ជាកម្មសិទ្ធរបស់នាងគ្រប់គ្នានោះ ក៏អតីតតារារូបនេះ ព្យាយាមលាក់លៀមរហូតមកដែរ។

គួររំឭកផងដែរថា កញ្ញា វ៉ាង ស្រីណូ ដែលបោះបង់អាជីពភាពយន្ដជាច្រើនឆ្នាំមកហើយ ពោលគឺរស់នៅសម្ងំសោយសុខលើគំនរទ្រព្យ និងតែងតែបង្ហាញភាពហ៊ឺហា តាមរយៈការជិះរថយន្ដទំនើបៗ ហើយនាងពាក់គ្រឿងអលង្ការពេជ្រទាំងឈុតៗ មិនចាញ់ជំទាវៗមួយចំនួនឡើយ៕