(ភ្នំពេញ)៖  កញ្ញា សួង ស៊ីធឿន ត្រូវបានទស្សនិកជនជាច្រើនគាំទ្រ និងចង់ដឹងរឿងគ្រប់យ៉ាងមិនថា ការងារសិល្បៈ ឬជីវិតឯកជននោះទេ។ ជាមួយគ្នានេះ កាលពីមួយរយៈមុន ទស្សនិកជនបានរងនូវការសង្ស័យគ្រប់គ្នា ពាក់ព័ន្ទនឹងរឿងរ៉ាវស្នេហារបស់នាង ថាកំពុងមានបង្កាត់ភ្លើងស្នេហ៍ជាមួយ លោក ទ្រី តារាវុធ ដែលជាតារាសម្តែងចំណូលថ្មីដូចគ្នា ព្រោះជានិច្ចកាល គេតែងតែឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែម លើបណ្តាញសង្គមជាហូរហែ​មក ទាំងរូបឱបថើបគ្នាក៏មាន។ ពាក់ព័ន្ធនឹងរឿងនេះ ទោះមានការបដិសេធ ពីសំណាក់សាមីខ្លួនទាំងសងខាងក្តី នៅតែមិនអាចចម្រះការសង្ស័យ របស់ទស្សនិកជនដដែល ខណៈថ្មីៗ​នេះ ក្រុមអ្នកសង្ស័យហាក់ភ្លឺភ្នែកខ្លាំង ក្រោយកញ្ញា សួង ស៊ីធឿន បង្ហោះរូបមួយសន្លឹកជាមួយបុរសម្នាក់មិនមែនលោក ទ្រី តារាវុធ ដែល​អាចជាគូស្នេហ៍ របស់នាង។

ជាការពិត រាល់សកម្មភាពសិល្បៈ ការសម្តែងខ្សែភាពយន្តនានា តារាប្រុសស្រីមួយគូនេះ គឺលោក ទ្រី តារាវុធ និងកញ្ញា សួង ស៊ីធឿន បានចាប់ដៃគូគ្នាយ៉ាងស័ក្តិសម ដូចជាក្នុងរឿង «ស​សរកន្លោង» ជាដើម។ ក្រៅពីនេះ គឺរាល់កម្មវិធីសិល្បៈតូចធំ អ្នកទាំងពីរបានដឹកដៃគ្នាចូលរួម ប្រៀបបាននឹងគូស្នេហ៍ថ្មីថ្មោង ហើយរឹតតែពិសេសក្នុងថ្ងៃខួបកំណើត អ្នកទាំងពីរតែងតែធ្វើឲ្យគ្នាទៅវិញទៅមក និងបង្ហាញសកម្មភាពស្និតស្នាល ដូចគូស្នេហ៍តែម្តង។ ទាំងនេះ ជាមូលេហេតុ ដែលធ្វើឲ្យទស្សនិកជនមានការសង្ស័យ​ តែយ៉ាងណាមន្ទិលទាំងនេះ ហាក់ស្ងាត់បន្តិចម្តងៗ ក្រោយពេល សួង ស៊ីធឿន បង្ហោះរូបមួយសន្លឹក ជាមួយបុរសម្នាក់យ៉ាងស្និទ្ធស្នាល ដែលមិនមែនជាលោក ទ្រី តារាវុធ ហើយបរុសនោះត្រូវបានគេសង្ស័យថា ជាគូស្នេហ៍នាងទៀតផង។

ការលើកឡើងបែបនេះ បន្ទាប់ពីគេឃើញនាងបង្ហោះរូប​ ក្នុងបណ្តាញសង្គមកាលពីពេលថ្មីនេះ ដោយភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា «មានគេបង្ខំឲ្យ change cover»។ យ៉ាងណាមិញ បុរសម្នាក់នោះ ត្រូវបានគេសន្និដ្ឋានថា ជាគូស្នេហ៍ កញ្ញា សួង ស៊ីធឿន ព្រោះជាទូទៅពេលមានសង្សារជាតារា ត្រូវបារម្ភខ្លាចមានគេដណ្តើម ខណៈសង្សានាងបង្ខំឲ្យប្ដូរ Cover ក្នុងហ្វេសប៊ុក ដើម្បីឲ្យគ្រប់គ្នាដែលស្គាល់នាងបានដឹង និងជាផ្នែកមួយ ដើម្បីឲ្យមានទំនុកចិត្តទៅវិញទៅមក។ រឺតតែពិសេស គឺធ្វើឲ្យអ្នកដែលយល់ច្រឡំថា នាងនឹងលោក ទ្រី តារាវុធ ជាគូស្នេហ៍នឹងគ្នា ភ្លឺភ្នែកតែម្តង។

ទោះមានការលើកឡើងបែបនេះក្តី តែគេ​មិនទាន់​ទទួលបាន ការបញ្ជាក់ចេញពីមាត់ផ្ទាល់ ពីសំណាក់សាមីខ្លួនទាំងពីរ គឺ កញ្ញា សួង ស៊ីធឿន និងបុរសក្នុងរូប​នោះទេ។ ប៉ុន្តែមហាជន អាចសន្និដ្ឋានបានថា ការបង្ហាញ​នេះ គឺអាចជាចេតនាមួយ ដើម្បីឲ្យអ្នកដែលធ្លាប់សង្ស័យថា សួង ស៊ីធឿន មានចំណងស្នេហ៍អាថ៌កំបាំង ជាមួយលោក ទ្រី តារាវុធ បាត់បង់នូវការយល់ច្រឡំ ឬមន្ទិល អស់មួយភាគធំផងដែរ៕