(ភ្នំពេញ)៖ ក្រោយពីការប្រកួតទាំងក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចប់ទៅ កីឡាករ អ៊ុក សុធី ដែលជាប្រធានក្រុមភ្នំពេញក្រោនបានបញ្ជាក់ថា វាពិតជាមានការប្រកួតប្រជែងខ្លាំងណាស់ ហើយខាងក្រោមនេះគឺជាការដែលកីឡាកររូបនេះសំណូមពរ និងយល់ឃើញ។

សុធី បានលើកឡើងថា «ចំពោះខ្ញុំផ្ទាល់ ខ្ញុំទទួលស្គាល់ថា ការប្រកួតខ្លះយើងធ្វើបានល្អ ហើយចំពោះការប្រកួតមួយចំនួនទៀតយើងធ្វើមិនបានល្អឡើយ ដែលជាមូលហេតុធ្វើឲ្យក្រុមយើងបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់ទី៥ ក្នុងលីគកំពូល។ ចំពោះចំណុចដែលខ្ញុំគិតថា ក្រុមរបស់យើងគួរតែពង្រឹងបន្ថែមទៀតនោះគឺនៅតំបន់ប្រយុទ្ធរបស់យើង ព្រោះថាយើងព្យាយាមលេង ក៏ដូចជាហ្វឹកហាត់នៅតំបន់នោះឲ្យបានល្អយ៉ាងណាក៏ដោយ ក៏យើងពិបាករកគ្រាប់បាល់បានដែរ»

សុធី ជាកីឡាករជើងចាស់មួយរូប ដែលបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនកាលពីខែវិច្ឆិកា ឆ្នាំ២០១១ ហើយជួយឱ្យក្លឹបនេះឈ្នះពានលីគកំពូលកម្ពុជានាឆ្នាំ២០១៤។ ប៉ុន្តែឆ្នាំ២០១៥ គេបានអវត្តមានពីទីលាន ដោយសាររងរបួសពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា។ ប្រធានក្រុមរបស់ក្រោនរូបនេះ មានឈ្មោះក្រៅថា MESSI ដែលអ្នកគាំទ្រហៅតាំងពីលេងនៅក្រុមបាល់ទាត់ម៉ូតូហោះ និងក្រុមហ្វូតសាលជម្រើសជាតិនា អំឡុងពេលយុវវ័យមកម្ល៉េះ។

ជុំវិញចំណាប់អារម្មណ៍ទៅលើកីឡាករក្មេងៗរបស់យើង ប្រធានក្រុមរូបនេះយល់ថា «ពួកយើងជាក្រុមសំបូរទៅដោយយុវជនច្រើន ហើយពួកគាត់ធ្វើបានល្អណាស់នៅពេលដែលគាត់លេងនៅក្នុងក្រុមថ្នាល ចំពោះពេលនេះគឺជាក្រុមឈុតធំ ដូច្នេះខ្ញុំចង់ឲ្យពួកគាត់ខំប្រឹងបន្ថែមទៀត ព្រោះលីគកំពូលកម្ពុជាយើងមានការប្រកួតប្រជែងខ្ពស់ខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ»