(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុប កាលពីថ្ងៃចន្ទបានអនុម័តកិច្ចព្រមព្រៀងទិញក្រុមហ៊ុនផលិតដែកថែបអាមេរិក US Steel ដែលមានតម្លៃ ១៤,៩ ពាន់លានដុល្លារដោយក្រុមហ៊ុន Nippon Steel របស់ជប៉ុនដោយនិយាយថា កិច្ចព្រមព្រៀងនេះមិនបង្កឱ្យមានក្តីព្រួយបារម្ភ អំពីការប្រកួតប្រជែងទេ ទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិកក៏ដោយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការទិញយកក្រុមហ៊ុន US Steel ពីសំណាក់ក្រុមហ៊ុនជប៉ុន Nippon ត្រូវបានជំទាស់ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលចង់ឱ្យក្រុមហ៊ុន US Steel នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ពលរដ្ឋអាមេរិក។

សមាជិកសភាអាមេរិកមួយចំនួន ក៏បានចេញមុខប្រឆាំងនឹងកិច្ចព្រមព្រៀងនេះដែរ ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។ ប៉ុន្តែម្ចាស់ភាគហ៊ុនភាគច្រើនលើសលុបរបស់ក្រុមហ៊ុន US Steel បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងទិញលក់នេះ កាលពីខែមេសា។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន US Steel បានឱ្យដឹងថា ក្រសួងយុត្តិធម៌អាមេរិក បានព្យាយាមស្វែងរកព័ត៌មានលម្អិតបន្ថែម អំពីសំណើច្របាច់ក្រុមហ៊ុនទាំងពីរបញ្ចូលគ្នានេះ ដែលជាផ្នែកមួយនៃនីតិវិធីត្រួតពិនិត្យមើលអាជីវកម្មផ្តាច់មុខ។

ការទិញយកក្រុមហ៊ុនផលិតដែកថែបរបស់អាមេរិកនេះ នឹងជួយឱ្យក្រុមហ៊ុន Nippon ដែលជាក្រុមហ៊ុនផលិតដែកថែបធំជាងគេទីបួន ក្នុងពិភពលោកស្រាប់ទៅហើយនោះ មានសមត្ថភាពផលិតដែកថែបឆៅចំនួន ១០០លានតោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕