(សិង្ហបុរី)៖ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានឱ្យដឹងនៅថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីទទួលបានការជំរុញពី «ការកើនឡើងសកម្មភាពទេសចរណ៍» នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៤ ដោយសារការប្រគុំតន្ត្រីរបស់ក្រុមតន្រ្តីរ៉ុកអង់គ្លេស Coldplay និងតារាចម្រៀងប៉ុបអាមេរិក Taylor Swift។ នេះបើយោងតាមកាសែត Channel News Asia។

ការប្រគុំតន្រ្តីទាំងពីរបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាចំនួន ៥៥ ០០០នាក់ដែលជាកីឡដ្ឋានធំបំផុតរបស់សិង្ហបុរី ដោយការប្រគុំតន្ត្រីរបស់ Coldplay ធ្វើឡើងនៅក្នុងខែមករា និងកម្មវិធីរបស់ Swift បានធ្វើឡើងនៅក្នុងខែមីនា។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្ដីពីការត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ច ដែលចេញផ្សាយពីរដងក្នុងមួយឆ្នាំដោយអាជ្ញាធរ MAS ថា៖ «ការប្រគុំតន្ត្រីទាំងនេះបានធ្វើឡើងក្នុងរយៈពេលសរុប ១២ថ្ងៃ ដោយទស្សនិកជនជាងពាក់កណ្តាលទំនងជាមកពីបរទេស»

ការប្រគុំតន្រ្តី Coldplay បានលក់សំបុត្រជាង ២សែនសន្លឹកសម្រាប់ការប្រគុំតន្រ្តី៤ លើកដំបូងរបស់ពួកគេនៅក្នុងប្រទេសសិង្ហបុរី ខណៈដែលសំបុត្រជាង ៣សែនសន្លឹកត្រូវបានលក់ចេញសម្រាប់ការប្រគុំតន្ត្រីរបស់ Swift។

យោងតាមស្ថិតិពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) ភ្ញៀវទេសចរអន្តរជាតិចំនួនជា ៤,៣៥លាននាក់បានទៅទស្សនាប្រទេសសិង្ហបុរីក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ កើនឡើង ៥០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ២៦ភាគរយធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣។

សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង ២,៧ភាគរយនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ សេដ្ឋកិច្ចបានកើនឡើង ២,២ភាគរយ។

សេដ្ឋកិច្ចនៅក្នុងត្រីមាសទី១ បានកើនឡើងទោះបីជាមានការធ្លាក់ចុះសកម្មភាពផលិតកម្មក៏ដោយ ស្របពេលដែលផលិតកម្មជីវវេជ្ជសាស្ត្រនិងគ្រឿងអេឡិចត្រូនិកក៏បានប្រកាសពីកំណើនខ្សោយផងដែរ។

MAS បានកត់សម្គាល់ថា ការប្រគុំតន្ត្រីទ្រង់ទ្រាយធំទាំងនេះអាចបង្កើតចំណូលពីទេសចរណ៍ពី ៣៥០លានដុល្លារសិង្ហបុរី (២៥៧លានដុល្លារអាមេរិក) ដល់ ៤៥០លានដុល្លារសិង្ហបុរី នេះបើយោងតាមការប៉ាន់ស្មានរបស់អ្នកវិភាគវិស័យឯកជន។ ការប៉ាន់ស្មានទាំងនេះមានភាពខុសគ្នាដោយផ្អែកលើការសន្មត់នានា ដូចជារយៈពេលស្នាក់នៅរបស់អ្នកចូលរួមទស្សនាតន្ត្រីនៅក្នុងប្រទេសសិង្ហបុរីជាដើម។ នេះបើយោងតាមកាសែត Channel News Asia៕