(ភ្នំពេញ)៖ ប្រកាសថ្មីមួយរបស់ក្រសួងពាណិជ្ជកម្ម បានកំណត់ដល់បុគ្គលធ្វើធុរកិច្ចផ្គត់ផ្គង់ផលិតផលទំនិញ និងសេវា ត្រូវបិទស្លាកថ្លៃជាប្រាក់រៀល លើគ្រប់មុខផលិតផលទំនិញ និងសេវា ដែលតាំងលក់នៅក្នុងផ្សារទំនើប ម៉ាត មីនីម៉ាត ជាដើម។

ប្រកាសរបស់ក្រសួងពាណិជ្ជកម្មស្ដីពី ការអនុវត្តមិនសុចរិកក្នុងធុរកិច្ច ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញការលក់ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះបានឲ្យដឹងថា «បុគ្គលធ្វើធុរកិច្ចផ្គត់ផ្គង់ផលិតផលទំនិញ និងសេវា ត្រូវបិទស្លាកថ្លៃជាប្រាក់រៀល លើគ្រប់មុខផលិតផលទំនិញ និងសេវា ដែលតាំងលក់នៅក្នុងផ្សារទំនើប ម៉ាត មីនីម៉ាត អាគារលក់ផលិតផល និងស្ថានីយ ដេប៉ូលក់ ប្រេងឥន្ធនៈនិង/ឬឧស្ម័ន លើកលែងតែតូប ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ»។

ក្រសួងបញ្ជាក់ថា ការបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស អាចប្រព្រឹត្តទៅបាន ប្រសិនបើមានការអនុញ្ញាតដោយក្រសួង ស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ស្របទៅតាមច្បាប់ ឬបទប្បញ្ញតិដែលមានជាធរមាន។ ចំពោះការបិទស្លាកថ្លៃត្រូវសរសេរជាអក្សរខ្មែរ ពីមុខ ឬនៅពីលើ និងអក្សរបរទេសនៅបន្ទាប់ ឬខាងក្រោម៕