(ភ្នំពេញ)៖ មានពលរដ្ឋជាច្រើនមានចម្ងល់ តើរវាងការដាក់ប្រាក់សន្សំនៅធនាគារ និងដាក់ប្រាក់សន្សំ តាមរយៈការទិញធានារ៉ាប៉រង មួយណាចំណេញជាង?

យ៉ាងណាមិញមានប្រជាពលរដ្ឋជាច្រើន បានជ្រើសរើសយកជំរើសយកប្រាក់ទៅដាក់បញ្ញើនៅធនាគារ ដោយសារតែទទួលបានអត្រាការប្រាក់ខ្ពស់ និងងាយស្រួលដកវិញ ខុសពីការដាក់ប្រាក់សន្សំ តាមរយៈការទិញធានារ៉ាប់រងទទួលបាន អត្រាការប្រាក់ទាបជាង។

ជុំវិញចម្ងល់នេះ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានប្រាប់អំពីអត្ថប្រយោជន៍ក្នុងការទិញធានារ៉ាប់រង បានទាំងការពារ និងប្រាក់សន្សំថែមទៀតផង។

លោកបានពន្យល់ថា ថ្វីត្បិតតែការដាក់ប្រាក់សន្សំជាមួយធានារ៉ាប់រង បានការប្រាក់តិចជាងធនាគារមែន តែការសន្សំជាមួយធានារ៉ាប់រង គឺអ្នកបានទាំងការការពារបន្ទុកហិរញ្ញវត្ថុ ពេលមានហានិភ័យកើតឡើង ហើយក៏ទទួលបានប្រាក់សន្សំបូកជាមួយនឹងអត្រាការប្រាក់។

លោកបានពន្យល់ថា សេវាធានារ៉ាប់រង គឺជាសេវាការពារបន្ទុកហិរញ្ញវត្ថុ នៅពេលមានហានិភ័យកើតឡើង។ ប្រសិនបុគ្គលណាម្នាក់ទិញសេវាធានារ៉ាប់រងកញ្ចប់ណាមួយ នៅពេលដែលមានហានិភ័យនឹងទទួលបានសំណង។

លោកបន្តថា សម្រាប់ការដាក់ប្រាក់សន្សំនៅធានាគារវិញ គឺទទួលបានប្រាក់ខ្ពស់ជាង ប៉ុន្តែប្រសិនបើមានហានិភ័យ ឬគ្មានហានិភ័យ គឺទទួលបានចំនួននៃការដាក់សន្សំប៉ុណ្ណោះ។ ដោយឡែកសម្រាប់ការទិញធានារ៉ាប់រងវិញ ប្រសិនបើកើតមានហានិភ័យ ក្នុងអំឡុងពេលនោះ អ្នកនឹងទទួលបានកញ្ចប់ថវិកាមួយចំនួនធំ លើសពីចំនួនដែលបានដាក់សន្សំ។ ហើយប្រសិនបើគ្មានហានិភ័យណាមួយកើតឡើងទេនោះ អ្នកក៏នឹងទទួលបានប្រាក់សន្សំត្រឡប់មកវិញ បូកជាមួយនឹងអត្រាការប្រាក់។

លោក ភីរូ បានឱ្យដឹងថា តម្លៃធានារ៉ាប់រងគឺខុសគ្នា ទៅតាមប្រទេសនីមួយៗ ហើយការផ្តល់សំណង ក៏ខុសគ្នាទៅតាមថ្លៃដើមនៃសេវាផងដែរ។ តែយ៉ាងណាមិញតម្លៃកញ្ចប់ធានារ៉ាប់រងនៅកម្ពុជា គឺមានភាពប្រហាក់ប្រហែលគ្នាជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក ប៊ូ ច័ន្ទភីរូ ៖