(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់់ឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ក្រុមហ៊ុន ដែលមានគ្រប់លំដាប់ ទាំងលំដាប់អន្ដរជាតិ និងលំដាប់ពិភពលោក ក្រោមទុនវិនិយោគប្រមាណ៥០០លានដុល្លារអាមេរិក។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នយើង មានក្រុមហ៊ុនធានារ៉ាប់រង៤១, ក្រុមហ៊ុន៤១នេះ មានគ្រប់លំដាប់ ទាំងលំដាប់អន្ដរជាតិ និងលំដាប់ពិភពលោក [...] មកដល់ឆ្នាំ២០២៣នេះ ទ្រព្យសកម្មរបស់វិស័យធានារ៉ាប់រងជាង១ពាន់លានដុល្លារ ក្នុងនោះមានទុនវិនិយោគផ្ទាល់ ប្រមាណ៥០០លានដុល្លារ»។

លោកបន្តថា ការទិញសេវាធានារ៉ាប់រង មិនដូចការទិញទំនិញ ដោយផ្ដល់លុយភ្លាម បានទំនិញភ្លាមនោះទេ ការទិញធានារ៉ាប់រង គឺជាការទិញកិច្ចសន្យា ដើម្បីការពារពេលជួបហានិភ័យ។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា «ការទិញធានារ៉ាប់រង មិនដូចការទិញទំនិញអ្វីផ្សេងៗនោះទេ ដោយផ្ដល់លុយភ្លាម បានទំនិញភ្លាមនោះទេ ការទិញធានារ៉ាប់រង គឺជាការទិញកិច្ចសន្យា បានន័យថា ពេលគ្រោះថ្នាក់កើតឡើង បានយើងបានសំណង ប៉ុន្ដែយើងបានបង់លុយថ្លៃទិញ ទៅមុនរួចហើយ ដូច្នេះកិច្ចសន្យាទូទៅ អាចមានរយៈពេលមួយឆ្នាំ រហូតដល់១៥ឆ្នាំ»

សូមស្តាប់ការលើកឡើងរបស់លោក ប៊ូ ច័ន្ទភីរូ៖