(ភ្នំពេញ)៖ តាមការគ្រោងទុកចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) នឹងភ្ជាប់ជើងហោះហើរជាមួយគ្នាឡើងវិញ ដោយភ្ជាប់ភ្នំពេញ ទៅទីក្រុងឌូបៃ បន្ទាប់ពីផ្អាកការហោះហើរជាច្រើនឆ្នាំ ចាប់តាំងតែពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ មកដល់ពេលនេះ។

លោក ស៉ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ​បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុញ្ញាតទាំំងកម្រិតនយោបាយ និងបច្ចេកទេស ជូនក្រុមហ៊ុនអាកាសចរណ៍ Emirates រួចរាល់ហើយ ក្នុងដំណើរការបើកការហោះហើរឡើងវិញ រវាងរាជធានីភ្នំពេញ-សិង្ហបុរី-ទីក្រុងឌូបៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤តទៅ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជកម្ម។

លោក ស៉ីន ចាន់សេរីវុត្ថា បញ្ជាក់ថា «បើសិន​គ្មានអ្វីប្រែប្រួល​ ក្រុមហ៊ុនអាកាសចរណ៍ Emirates ​​នឹងចាប់ផ្តើមបើកការហោះហើរចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខតទៅ ​ដោយមាន៧ជើងក្នុងមួយសប្តាហ៍ គឺនឹងធ្វើការហោះហើរជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់យន្តហោះប្រភេទ Boing 777 ដែលជាប្រភេទយន្តហោះផ្លូវឆ្ងាយ និងដឹកបានមនុស្សច្រើន​»

បើតាមក្រុមហ៊ុនអាកាសចរណ៍ Emirates ខ្លួននឹងប្រើ​ប្រាស់យន្តហោះ ដែលមានប្រភេទកៅអីបីប្រភេទ យន្តហោះ Boeing 777-300ER។ ក្រុមហ៊ុន Emirates នឹងផ្តល់ជូនបន្ទប់ឯកជន First Class ចំនួន ៨ កៅអី កៅអីអង្គុយលក្ខណៈបែប Business Class ចំនួន ៤២ កៅអី និងកៅអីធំទូលាយបែប Economy Class ចំនួន ៣១០កៅអី។

Emirates SkyCargo ក៏នឹងផ្តល់សមត្ថភាពផ្ទុកទំនិញលើយន្តហោះ Boeing 777-300ER ជាង៣០០ តោនក្នុងមួយសប្តាហ៍ សម្រាប់ការដឹកជញ្ជូនទាំងក្នុង និងក្រៅទីក្រុងភ្នំពេញ។ ទំនិញសំខាន់ៗដែលនាំចេញពីទីក្រុងភ្នំពេញ រួមមាន៖ វាយនភ័ណ្ឌ ឱសថ និងទំនិញមានតម្លៃខ្ពស់ផ្សេងទៀត៕