(ភ្នំពេញ)៖ ការនាំចេញក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៦ ៤៥១តោន គិតជាទឹកប្រាក់បានចំនួន ១២៣.៦១លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៦៦ ៤៥១តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៦ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ដែលក្នុងនោះ រួមមាន៖

* ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បានបរិមាណអង្ករចំនួន ៧៨ ៦៧៥ តោន គិតជាទឹកប្រាក់ចំនួន ៦០.៤១ ដុល្លារសហរដ្ឋអាមេរិក

* ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវចំនួន ៤៣ ០៣៩ តោន គិតជាទឹកប្រាក់ ២៨.១០ លានដុល្លារសហរដ្ឋអាមេរិក

* ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៦ប្រទេសបានបរិមាណ ចំនួន២៩ ៧១៩ តោន គិតជាទឹកប្រាក់ ២២.០១ លានដុល្លារសហរដ្ឋអាមេរិក

* ទៅកាន់គោលដៅ២២ ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ១៥ ០១៨ តោន គិតជាទឹកប្រាក់ចំនួន ១២.៦៩លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៨១.២៩ % ប្រភេទអង្ករស ធម្មតា ១៤.៦៨% អង្ករចំហ៊ុយ ២.១៨ % អង្ករសរីរាង្គចំនួន ១.៧១% និងអង្ករផ្សេងៗចំនួន ០.១៤%។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២,២២០,៧២៩តោនស្រូវសើម ដែលគិតជាទឹកប្រាក់ បានប៉ាន់ប្រមាណជាង៣ ៦០០.០៨ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕