(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក SANUI Kazumasa ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើឯកសារគម្រោង ស្តីពីការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពរដ្ឋបាលគយ សម្រាប់ជំរុញការតភ្ជាប់ក្នុងតំបន់មេគង្គ។

បន្ទាប់ពីមានការពិភាក្សាលម្អិត រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង JICA ឯកសារនេះត្រូវបានឯកភាពគ្នា ហើយបន្ទាប់ពីចុះហត្ថលេខារួចមក នឹងក្លាយជាមូលដ្ឋាននៃការលើកផែនការលម្អិត ដើម្បីអនុវត្តនាពេលខាងមុខ។

គម្រោងនេះ មានគោលដៅចម្បង ដើម្បីពង្រឹងការតភ្ជាប់ និងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់មេគង្គ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ JICA ជាមួយរដ្ឋបាលគយក្នុងតំបន់មេគង្គ។ គម្រោងនេះនឹងផ្ដោតលើការងារសំខាន់ៗ មួយចំនួនរួមមាន៖

១៖ ពង្រឹងកិច្ចសម្របសម្រួលទ្វេភាគី ដើម្បីធ្វើសាមញ្ញកម្មនីតិវិធីបញ្ចេញទំនិញពីគយ នៅច្រកទ្វារអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយជ្រើសរើសច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ជាគម្រោងសាកល្បង,
២៖ ពង្រឹងសមត្ថភាពមន្រ្តីគយពាក់ព័ន្ធការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (Authorized Economic Operators),
៣៖ ជំរុញការអនុវត្តទស្សនទានកំពង់ផែសេរី (Free Port Concept) នៅខេត្តព្រះសីហនុ,
៤៖ គាំទ្រសាលាជាតិគយ ដែលនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំអាស៊ីប៉ាហ្វិក របស់អង្គការគយពិភពលោក (WCO Regional Training Center in the Asia Pacific) តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោល រៀបចំសិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់តំបន់ និង
៥៖ លើកកម្ពស់សមភាពយេនឌ័រ នៅក្នុងរដ្ឋបាលគយ ។

បណ្ឌិត គុណ ញឹម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន និង JICA ដែលបានផ្ដល់ជំនួយបច្ចេកទេសជាបន្តបន្ទាប់ ក្នុងការអនុវត្តយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា, កម្មវិធីកសាងសមត្ថភាពដល់មន្ត្រីគយ និងជាពិសេសការផ្ដល់អ្នកជំនាញការ JICA រយៈពេលវែងមកជួយរដ្ឋបាលគយកម្ពុជា៕