(ភ្នំពេញ)៖ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ ប្រាក់កម្ចីចំនួន ២.៦៨ ពាន់លានដុល្លារ ត្រូវបានប្រើប្រាស់នៅក្នុងវិស័យទេសចរណ៍ នៅទូទាំងប្រទេស ដើម្បីគាំទ្រដល់អាជីវកម្មទេសចរណ៍ក្នុងស្រុក។ នេះបើតាមលោក​ អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា ដែលបានធ្វើឡើងនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង លើប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដើម្បីភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប។

លោក អឿ សុធារ័ត្ន ​បានឱ្យដឹងបន្តថា ក្នុងចំណោមប្រាក់កម្ចីចំនួន ២.៦៨លានដុល្លារ ​ក្នុងនោះ១២.៦៨% នៃប្រាក់កម្ចីក្នុងវិស័យទេសចរណ៍ បានផ្តល់ទៅឱ្យប្រជាជន នៅក្នុងខេត្តសៀមរាប ដែលបានស្នើប្រាក់កម្ចី។

លោកបន្ថែមថា «ប្រសិនបើយើងក្រឡេកមើលទិដ្ឋភាពឥណទានដ៏ទូលំទូលាយ នៅក្នុងខេត្តសៀមរាប យើងអាចមើលឃើញថា ឥណទានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុក ដោយសារសមតុល្យប្រាក់កម្ចីអាជីវកម្មខ្នាតតូច បានកើនឡើង ៥២% ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយចាប់តាំងពីឆ្នាំ២០១៩ ហើយបច្ចុប្បន្នស្មើនឹង ៧៣.៣៥% នៃប្រាក់កម្ចីសរុបនៅខេត្តសៀមរាប។ CBC ប្តេជ្ញាពង្រីកការយល់ដឹងអំពីរបាយការណ៍ឥណទាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ដែលជាឆ្អឹងខ្នងរបស់ប្រទេសយើង»។​

លោក​ស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានថ្លែងថា ​ វិស័យទេសចរណ៍ដើរតួនាទីចាំបាច់ ក្នុងការស្តារកំណើនសេដ្ឋកិច្ចនៃខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសកម្ពុជា។

លោកបន្ថែមថា «យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការរបស់យើងជាមួយវិស័យហិរញ្ញវត្ថុ សមាគមនធុរកិច្ច សមាគមផ្សេងៗ និងរាជរដ្ឋាភិបាល ដើម្បីបង្កើតបានជាធ្លុងដ៏រឹងមាំមួយ ដែលអាចសម្រេចបាននូវកំណើនក្នុងវិស័យទេសចរណ៍ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល»

ហិរញ្ញប្បទានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីពន្លឿនកំណើន និងការងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះក្រោយជំងឺរាតត្បាតកូវីទ ១៩។ ក្នុងបរិបទនៃការប្រកាសកញ្ចប់ប្រាក់កម្ចីចំនួន ៥០ លានដុល្លារពីរដ្ឋាភិបាលកម្ពុជាដល់សហគ្រាសធុនតូច និងមធ្យមទេសចរណ៍ក្នុងខេត្តសៀមរាប សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្តោតលើកត្តាអាចឱ្យធុរកិច្ច រៀបចំខ្លួនបានល្អប្រសើរ សម្រាប់ការទទួលបានប្រាក់កម្ចី​៕