(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងគម្រោងអភិវឌ្ឍន៍ ឱ្យដឹងថា រាល់ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្ម អភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន ត្រូវមានអាជ្ញាបណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ទៀតថា ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើសដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។

ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ ការធ្វើធុរកិច្ចប្រកបដោយសុចរិត និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស គម្រោង ដែលប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណនៅអគារ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លេខ១៦៨F ជាន់ទី៧ ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕