(តូក្យូ)៖ ធនាគារកណ្តាលជប៉ុនបានបោះបង់ចោលអត្រាការប្រាក់អវិជ្ជមានចុងក្រោយក្នុងពិភពលោក ដែលនាំឱ្យបញ្ចប់កម្មវិធីជំរុញគោលនយោបាយរូបិយវត្ថុដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រសម័យកាលទំនើប ខណៈក៏បង្ហាញផងដែរថា លក្ខខណ្ឌហិរញ្ញវត្ថុនឹងនៅតែអាចផ្លាស់ប្តូរបានទៅតាមស្ថានភាព។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់ធនាគារកណ្តាលកាលពីថ្ងៃអង្គារថា ក្រុមប្រឹក្សាភិបាលនៃធនាគារកណ្តាលជប៉ុនបានបោះឆ្នោតក្នុងសំឡេង ៧ ទល់ ២សំឡេងដើម្បីកំណត់កម្រិតអត្រាការប្រាក់គោលនយោបាយថ្មីនៅចន្លោះពី ០% ដល់ ០,១% ដោយដំឡើងពីអត្រាការប្រាក់រយៈពេលខ្លី -០,១%។ ការមិនមានបង្ហាញសញ្ញាអំពីការដំឡើងអត្រាការប្រាក់នាពេលអនាគតគឺដោយសារតែប្រាក់យ៉េនដែលបានធ្លាក់ចុះថ្លៃហួសពី ១៥០យ៉េនក្នុងមួយដុល្លារ ដែលបានមើលយ៉ាងជិតស្និទ្ធធៀបនឹងប្រាក់ដុល្លារ។

ទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Kazuo Ueda បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងបន្ទាប់ពីមានការសម្រេចអំពីការបញ្ចប់អត្រាការប្រាក់អវិជ្ជមាននេះថា៖ «យើងបានវិនិច្ឆ័យថា ការសម្រេចបាននូវគោលដៅអតិផរណា ២% ប្រកបដោយនិរន្តរភាពស្ថិតក្នុងការរំពឹងទុក»។ លោកបន្ថែមថា៖ «គោលនយោបាយបន្ធូរបន្ថយរូបិយវត្ថុទ្រង់ទ្រាយធំបានបម្រើដល់គោលបំណងរបស់ខ្លួន»

លោក Ueda បានសង្កត់ធ្ងន់ថា ទោះបីជាមានការបញ្ចប់អត្រាការប្រាក់អវិជ្ជមានក៏ដោយ វាជារឿងសំខាន់ដែលលក្ខខណ្ឌហិរញ្ញវត្ថុនៅតែអាចកែសម្រួលបាន។ លោកមានប្រសាសន៍ថា៖ «នៅមានគម្លាតខ្លះក្នុងការសម្រេចបានអតិផរណា ២ភាគរយប្រសិនបើយើងមើលវាពីចក្ខុវិស័យអត្រាអតិផរណាដែលបានរំពឹងទុក»។ លោកបានបន្តថា៖ «ដោយពិចារណាលើគម្លាតនេះ ខ្ញុំគិតថា យើងនឹងអនុវត្តគោលនយោបាយធម្មតាដូចដែលខ្ញុំបានលើកឡើងពីមុន ដោយរក្សាសារៈសំខាន់នៃការរក្សាបរិយាកាសកែសម្រួលគោលនយោបាយតាមស្ថានភាព»

ការលើកឡើងរបស់លោក Ueda បានបង្ហាញយ៉ាងច្បាស់ថា ការដំឡើងអត្រាប្រាក់លើកដំបូងរបស់ធនាគារកណ្តាលជប៉ុបក្នុងរយៈពេល ១៧ឆ្នាំមិនមែនជាការចាប់ផ្តើមវដ្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដូចអ្វីដែលបានឃើញថ្មីៗនេះនៅសហរដ្ឋអាមេរិក និងអឺរ៉ុបនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕