(បាងកក)៖ គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តការហាមឃាត់នាំចូលពោត ពីតំបន់ដែលកសិករដុតកាកសំណល់កសិកម្ម លើផ្ទៃដីបង្កបង្កើនផលរបស់ពួកគេ ដែលអាចនឹងចូលជាធរមាននៅឆ្នាំនេះ។

វិធានការនេះធ្វើឡើងសំដៅកាត់បន្ថយផ្សែងអ័ព្ទ ដែលរដ្ឋាភិបាលថៃ បានស្តីបន្ទោសខ្លាំងទៅលើប្រទេសជិតខាង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា គណៈរដ្ឋមន្ត្រីថៃបានណែនាំក្រសួងពាណិជ្ជកម្ម ឱ្យរៀបចំបទបញ្ជាហាមឃាត់ការនាំចូលពោត ពីតំបន់ដែលអនុវត្តការដុតកាកសំណល់កសិកម្ម នៅលើដីកសិកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងផ្សែងអ័ព្ទ ដែលកើតមានជាប្រចាំឆ្នាំ ដែលប៉ះពាល់ដល់សុខភាព។

លោកបានបន្តថា សេចក្តីសម្រេចនេះ គឺជាការបង្ហាញក្ដីបារម្ភរបស់រដ្ឋាភិបាលថៃ ចំពោះការបំពុលបរិយាកាស ដែលបណ្តាលមកពីការដុតសំណល់កសិកម្ម ក្នុងប្រទេសជិតខាង។

លោក Chai បានថ្លែងថា ដើម្បីបញ្ជាក់ពីការជាប់ពាក់ព័ន្ធនឹងកាតដុតនេះ មន្ត្រីដែលធ្វើការសម្រេចចិត្តនឹងប្រៀបធៀបតំបន់ដាំដុះពោត ជាមួយនឹងផែនទីបង្ហាញពីការដុតកាកសំណល់នេះ ពីរូបភាពផ្កាយរណប។

ការហាមឃាត់ការនាំចូលណាមួយ នឹងអនុវត្តតាមច្បាប់ពាក់ព័ន្ធរបស់អង្គការពាណិជ្ជកម្មពិភពលោក។ លោកបាននិយាយថា ទោះជាយ៉ាងណា ការអនុវត្តការហាមឃាត់ការនាំចូល នឹងត្រូវរង់ចាំការអនុម័តច្បាប់ ស្តីពីខ្យល់ស្អាត (Clean Air Act) ដែលរំពឹងថានឹងធ្វើឡើងនៅឆ្នាំនេះ។

បើតាមអ្នកនាំពាក្យរូបនេះ តម្រូវការពោតក្នុងទីផ្សារប្រទេសថៃ មានចំនួន ៨,៩លានតោនក្នុងមួយឆ្នាំ ខណៈដែលផលិតកម្មក្នុងស្រុកមានប្រហែល ៤,៩លានតោនក្នុងមួយឆ្នាំ។ បច្ចុប្បន្នប្រទេសថៃ បាននាំចូលពោតប្រមាណ ១,៦ លានតោនពីប្រទេសជិតខាង ក្នុងនោះមាន ៦០០,០០០-៧០០,០០០ តោនពីមីយ៉ាន់ម៉ា, ៣០០,០០០-៤០០,០០០ តោនពីប្រទេសឡាវ និងប្រហែល ១០ម៉ឺនតោនពីកម្ពុជា។ ពោតជាង ២លានតោនទៀត ត្រូវបានទិញពីប្រទេសផ្សេងទៀត ដែលភាគច្រើនមកពីប្រេស៊ីល។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕