(គូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ធនាគាររបស់ខ្លួនប្រឈមតិចតួចទៅនឹងនឹងវិបត្តិដួលរលំរបស់ធនាគារ Silicon Valley Bank ដែលបានក្ស័យធន កាលពីសប្តាហ៍មុននៅសហរដ្ឋអាមេរិក ដែលបង្កឱ្យមានការភ័យខ្លាចនៃការរីករាលដាលវិបត្តិនេះ។ នេះបើយោងតាមទីភ្នាក់ងារព័តមានរ៉យទ័រ។

ទីភ្នាក់ងារព័តមានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្តីលោក Steven Sim អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីដែលបានថ្លែងនៅក្នុងសភាថា៖ «ផ្អែកលើការវាយតម្លៃរបស់អាជ្ញាធរក្នុងប្រទេសម៉ាឡេស៊ី ការប្រឈមរបស់ធនាគារក្នុងស្រុកទៅនឹងវិបត្តិនៅសហរដ្ឋអាមេរិកនេះមានតិចតួច និងមានកម្រិត»

ឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាអំពីផលប៉ះពាល់ក្នុងស្រុកណាមួយពីវិបត្តិនេះ លោក Sim បានថ្លែងថា ប្រព័ន្ធធនាគាររបស់ម៉ាឡេស៊ីនៅតែមានភាពធន់ និងបន្តអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព។

លោកបានថ្លែងបន្តថា ការតេស្តសុខភាពហិរញ្ញវត្ថុ (stress tests) ជាទៀងទាត់ត្រូវបានអនុវត្តនៅក្នុងប្រព័ន្ធធនាគារដើម្បីធានាថា ម៉ាឡេស៊ីត្រៀមខ្លួនដើម្បីទប់ទល់នឹងសម្ពាធទីផ្សារណាមួយ។

ធនាគារ Silicon Valley Bank បានដួលរលំកាលពីថ្ងៃសុក្រនៅក្នុងការក្ស័យធនធនាគារដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕