(បាងកក)៖ ប្រទេសថៃ និងសហភាពអឺរ៉ុបបានប្រកាសជាផ្លូវការអំពីការចាប់ផ្តើមការចរចាឡើងវិញសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលត្រូវបានផ្អាកចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤មក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់គណៈកម្មការអឺរ៉ុបដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា ភាគីទាំងពីរមានបំណងសម្រេចបានកិច្ចព្រមព្រៀងស្តីពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រកបដោយមហិច្ឆតា ទំនើប និងមានតុល្យភាព ដោយនិរន្តរភាពជាចំណុចស្នូលរបស់ខ្លួន»

សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ភាគីទាំងពីរមានគោលបំណងដោះស្រាយបញ្ហាជាច្រើនដូចជា ការចូលទៅកាន់ទីផ្សារទំនិញ សេវាកម្ម ការវិនិយោគ និងលទ្ធកម្មរបស់រដ្ឋាភិបាល នីតិវិធីអនាម័យនិងភូតគាមអនាម័យលឿនរហ័សនិងមានប្រសិទ្ធភាព ការការពារកម្មសិទ្ធិបញ្ញារួមទាំងទំនិញសម្គាល់ភូមិសាស្រ្ត និងការដកចេញនូវឧបសគ្គពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មថាមពល និងវត្ថុធាតុដើម ដែលនឹងគាំទ្រដល់ការផ្លាស់ប្តូរឌីជីថល និងបៃតង។

សហភាពអឺរ៉ុបដែលមានសមាជិក ២៧ប្រទេសគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់ប្រទេសថៃបន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន។

ការចរចា FTA នេះបានចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២៣ ប៉ុន្តែត្រូវបានផ្អាកបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤ នៅពេលដែលសហភាពអឺរ៉ុបបានតវ៉ាប្រឆាំងនឹងអ្វីដែលខ្លួនចាត់ទុកថាជាការព្យួរលទ្ធិប្រជាធិបតេយ្យ។ បន្ទាប់ពីរដ្ឋធម្មនុញ្ញថ្មីរបស់ថៃត្រូវបានអនុម័តនៅឆ្នាំ២០១៧ និងការបោះឆ្នោតដែលបានធ្វើឡើងនៅឆ្នាំ២០១៩ ទំនាក់ទំនងរបស់ភាគីទាំងពីរបានប្រសើរឡើង ដែលឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការកាលពីខែធ្នូឆ្នាំមុន។

នៅឆ្នាំ២០២២ ពាណិជ្ជកម្មរវាងប្រទេសថៃ និងសហភាពអឺរ៉ុបមានតម្លៃ ៤១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៧%នៃពាណិជ្ជកម្មសរុបរបស់ប្រទេសថៃ។

ការនាំចេញរបស់ថៃទៅកាន់សហភាពអឺរ៉ុបមានចំនួនសរុប ២២,៧ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៥,២% ធៀបនឹងឆ្នាំ២០២១។ សហភាពអឺរ៉ុបគឺជាអ្នកវិនិយោគធំទីបីនៅក្នុងប្រទេសថៃ ដែលមានហែល ១០% នៃការវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) នៅក្នុងប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕