(ក្រុងបុមបៃ)៖ ក្រុមហ៊ុន Moody's Investors Service បានឱ្យដឹងនៅថ្ងៃអង្គារថា ធនាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកទំនងជារងផលប៉ះពាល់តិចតួចពីការដួលរលំធនាគារអាមេរិក ដោយសារធនាគារទាំងនេះមានប្រភពមូលនិធិប្រកបដោយស្ថិរភាព និងមានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់ទីភ្នាក់ងារវាយតម្លៃចំណាត់ឥណទានលំដាប់ពិភពលោកនេះដែលបានឱ្យដឹងនៅក្នុងកំណត់សម្គាល់មួយថា ធនាគារនានាក្នុងតំបន់នេះ រួមទាំងធនាគារនៅប្រទេសចិន ជប៉ុន តៃវ៉ាន់ ឥណ្ឌា កូរ៉េ សិង្ហបុរី ក្នុងចំណោមធនាគារផ្សេងៗទៀត «ភាគច្រើនត្រូវបានផ្តល់មូលនិធិដោយប្រាក់បញ្ញើរបស់អតិថិជន ខណៈដែលការខ្ចីប្រាក់នៅក្នុងទីផ្សាររបស់ពួកគេមានកម្រិតតិចតួចប្រហែល ១៦ភាគរយនៃទ្រព្យសកម្មសរុបរបស់ពួកគេជាមធ្យម»

Moody's បានឱ្យដឹងថា៖ «អ្នកដាក់ប្រាក់បញ្ញើដែលជាក្រុមហ៊ុនអាជីវកម្មរបស់ពួកគេមានភាពចម្រុះយ៉ាងល្អនៅទូទាំងវិស័យផ្សេងៗ ដោយមិនមានធនាគារដែលទទួលបានការវាយតម្លៃចំណាត់ថ្នាក់ឥណទានណាមួយនៅក្នុងតំបន់នេះបានប្រឈមខ្លាំងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាឡើយ»

និយតកររដ្ឋរបស់សហរដ្ឋអាមេរិកបានបិទធនាគារ Signature Bank ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យ ដែលជាការក្ស័យធនដ៏ធំបំផុតទីបីនៅក្នុងប្រវត្តិសាស្រ្តធនាគាររបស់អាមេរិក។ ការបិទនេះធ្វើឡើងពីរថ្ងៃបន្ទាប់ពីអាជ្ញាធរបានបិទធនាគារ Silicon Valley បន្ទាប់ពីអតិថិជនយ៉ាងច្រើននាំគ្នាសម្រុកមកដកប្រាក់បញ្ញើចេញពីធនាគារនេះ។

ការបិទទ្វារធនាគារទាំងនេះបានបង្កើតឥទ្ធិពលដ៏គួរឱ្យតក់ស្លុតនៅទូទាំងទីផ្សារពិភពលោក ដោយជំរុញឱ្យមានការភ័យខ្លាចថានឹងមានការរីករាលនៅទូទាំងពិភពលោក។

ទីភ្នាក់ងារវាយតម្លៃឥណទាន Moody's បានបន្តថា ធនាគារភាគច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកស្ថិតនៅក្រោមលក្ខខណ្ឌតម្រូវឱ្យមានអនុបាតគ្របដណ្តប់សាច់ប្រាក់ងាយស្រួល (LCR) ដែលបង្កើតឡើងក្នុងគោលបំណងធានាឱ្យធនាគារមានទ្រព្យសកម្មដែលងាយប្តូរជាសាច់ប្រាក់បានលឿនគ្រប់គ្រាន់ប្រកបដោយគុណភាពខ្ពស់ ដើម្បីបញ្ឈប់ស្ថានភាពខ្វះខាតមូលនិធិដែលអាចជំរុញឱ្យមានការដកបញ្ញើច្រើន។

Moody's បានកត់សម្គាល់ថា លើសពីនេះ ធនាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកភាគច្រើនមិនវិនិយោគច្រើនលើមូលបត្រដែលកាន់កាប់រហូតដល់ផុតកំណត់អាយុ (HTM) ឡើយ។ HTM គឺជាមូលបត្រដែលធនាគារទិញ និងមានបំណងកាន់កាប់រហូតដល់កាលបរិច្ឆេទចុងក្រោយរបស់មូលបត្រ ហើយជាធម្មតា មូលបត្របំណុលគឺជាទម្រង់ទូទៅបំផុតនៃការវិនិយោគ HTM។

Moody's បានបន្តថា ការខាតបង់តម្លៃចរិករបស់មូលបត្រ HTM នឹងមាន “តិចតួច” សម្រាប់ធនាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកភាគច្រើន សូម្បីតែនៅក្នុងសេណារីយ៉ូដែលមិនទំនងជាកើតមានក៏ដោយ នៅពេលដែលធនាគារត្រូវលក់ចេញផលប័ត្រវិនិយោគនេះមួយផ្នែក ដោយសារការកើនឡើងអត្រាការប្រាក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមិនសូវសំខាន់ និងកើនឡើងយឺតជាងបើប្រៀបធៀបទៅនឹងការដំឡើងអត្រាការប្រាក់នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕