(ភ្នំពេញ)៖ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី ក្នុងតម្លៃជាង៤៥៧លានដុល្លារ កើនឡើង៩៨.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានចំនួនត្រឹមតែជាង ២៣០លានដុល្លារ។ នេះបើយោងទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែមីនានេះថា ភាគច្រើនទំនិញប្រភេទនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ ការកើនឡើងនៃការនាំចេញទំនិញប្រភេទនេះ បានឆ្លុះបញ្ចាំងពីកំណើនវិនិយោគក្នុងឧស្សាហកម្ម​ធុនស្រាលរបស់កម្ពុជា ខណៈកម្ពុជាដាក់ឱ្យអនុវត្តច្បាប់ថ្មី ដែលលើកទឹកចិត្តដល់ការវិនិយោគ ក្នុងវិស័យអេឡិចត្រូនិក ដែលជាចំណុចទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា ដើម្បីផលិត និងកែច្នៃ។ ​

លោកលើកឡើងថា ការកើនឡើងនៃការនាំចេញបរិក្ខាផ្នែកអេឡិចត្រូនិក ក៏ដូចជាអគ្គសនី គ្រឿងបង្គុំ និងបំណែកផ្សេងៗ គឺជាសញ្ញាមួយដ៏ល្អ សម្រាប់ផ្នែកឧស្សាហកម្មកែច្នៃ និងដំឡើងនៅកម្ពុជា។

លោកបន្ថែមថា «ការកើនឡើងនៃការវិនិយោគផ្នែកឧស្សាហកម្មនៅកម្ពុជានេះ យើងឃើញថាជារឿងមួយល្អ​ បន្ថែមពីឧស្សាហកម្មធុនស្រាល ដែលមិនមែនវិស័យកាត់ដេរ ដែលយើងឃើញថាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជំរុញបង្កើត និងដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីមួយទៀត ដែលគាំទ្រដល់វិស័យយានយន្ត និងអេឡិចត្រូនិក ដូច្នេះទាំងអស់នេះ គឺជាចំណុចដែលទាក់ទាញការវិនិយោគបន្ថែមទៀត ផ្នែកឧស្សាហកម្មធុនស្រាល ក៏ដូចជាធុនធ្ងន់របស់យើង​ ដែលយើងឃើញសព្វថ្ងៃនេះ កំពុងមានរោងចក្រកែច្នៃ ដំឡើងគ្រឿងបង្កុំ ក៏ដូចជាដំឡើងរថយន្តជាដើមនេះ»។

​យោងតាមផែនទីបង្ហាញផ្លូវ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានចេញផ្សាយកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់គោលដៅបង្កើនទំហំនាំចេញ ក្នុងវិស័យអេឡិចត្រូនិកឲ្យបាន ១៦០០លានដុល្លារអាមេរិក ​និងបង្កើតការងារថ្មីជាង ១ម៉ឺនកន្លែង ត្រឹមឆ្នាំ២០២៧។

ឯកសារផែនទីបង្ហាញផ្លូវនេះបានលើកឡើងថា ការនាំចេញរបស់វិស័យអេឡិត្រូនិក ១០ឆ្នាំចុងក្រោយ បានកើនឡើង ៦ដងប្រមាណ ៩២៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ខណៈចំនួនគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានកើនឡើងរហូតដល់ ៨៩គម្រោង ក្នុងឆ្នាំ២០១៩។

ជប៉ុន និងចិនជាប្រភពទុនវិនិយោគសំខាន់ ក្នុងវិស័យអេ​ឡិចត្រូនិកនៅកម្ពុជា ខណៈដែលទីផ្សារនាំចេញសំខាន់ៗមាន៖ សហរដ្ឋអាមេរិក អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។ កំណើននៃការវិនិយោគក្នុងវិស័យនេះ បានជំរុញឱ្យកម្លាំងពលកម្មកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់៧០ដង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ដោយបច្ចុប្បន្ននេះកម្លាំងពលកម្មក្នុងវិស័យនេះមានប្រមាណ ៣ម៉ឺននាក់។

វិស័យអេឡិចត្រូនិកនៅតែមានភាពធន់ និងវិវត្តជាបន្តបន្ទាប់ គួបផ្សំនឹងកំណើនប្រជាជន មានកម្រិតជីវភាពមធ្យម តម្រូវការបរិក្ខាអេឡិចត្រូនិក បាន និងកំពុងកើនឡើងយ៉ាងរហ័ស ពិសេសក្នុងទីផ្សារកំពុងរីកលូតលាស់ដូចជាអាស៊ាន។ តាមការព្យាករណ៍របស់ស្ថាប័នស្រាវជ្រាវ ទីផ្សារបរិក្ខារអេឡិចត្រូនិកជាសកល នឹងឈានដល់ ១.៤ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ហើយអាស៊ានជាទីផ្សារ ដែលរីកលូតលាស់លឿនបំផុត សម្រាប់ឧបករណ៍អេឡិចត្រូនិក មានកំណើនជាមធ្យមប្រចាំឆ្នាំ ៦.៥% បន្ទាប់ពីប្រទេសប្រេស៊ីល និងឥណ្ឌា។

តាមផែនទីបង្ហាញផ្លូវលើកឡើងថា «ការកើនឡើងនូវតម្រូវការបរិក្ខារអេឡិចត្រូនិកទូទាំងពិភពលោក បាននិងកំពុងផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់កម្ពុជា ក្នុងការចាប់យកចំណែកទីផ្សារនៃផលិតផលផ្សេងទៀត ដែលមានកំណើនតម្រូវការខ្ពស់»​៕