(ប៉េកាំង)៖ មន្ត្រីពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន និងអូស្ត្រាលីបានជួបប្រជុំគ្នាជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៩ មក ដែលជាសញ្ញាចុងក្រោយបង្ហាញពីទំនាក់ទំនងការទូតដ៏កក់ក្តៅរវាងប្រទេសទាំងពីរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលីលោក Don Farrell និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានជួបពិភាក្សាគ្នាកាលពីថ្ងៃចន្ទរយៈពេលជាងមួយម៉ោងកន្លះ។ ភាគីទាំងពីរបានយល់ព្រម «បង្កើនការសន្ទនា» ក្នុងគោលបំណងធានាឱ្យ «មានការធ្វើពាណិជ្ជកម្មឡើងវិញឱ្យបានទាន់ពេលវេលា និងពេញលេញ»។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ លោក Farrell បានទទួលយកការអញ្ជើញពីសមភាគីចិនដើម្បីទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង «ក្នុងពេលដ៏ខ្លីខាងមុខនេះ» ដើម្បីពិភាក្សាបន្ថែមទៀត។

លោក Farrell បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កិច្ចប្រជុំរបស់យើងគឺជាជំហានដ៏សំខាន់មួយផ្សេងទៀតនៅក្នុងការរក្សាស្ថិរភាពទំនាក់ទំនងរបស់ប្រទេសអូស្ត្រាលីជាមួយប្រទេសចិន»។

មុនពេលបើកដំណើរការកិច្ចពិភាក្សានេះ លោក Farrell បាននិយាយថា លោកនឹងប្រើប្រាស់កិច្ចប្រជុំជាមួយលោក Wang រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ដើម្បីលើកឡើងអំពីការទណ្ឌកម្មដែលកំពុងបន្តធ្វើឡើងចំពោះទំនិញនាំចេញរបស់អូស្ត្រាលី រួមទាំងស្រា ស្រូវបាឡេ និងបង្កង។
ទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មពាណិជ្ជកម្មលើទំនិញនាំចេញជាច្រើនរបស់អូស្ត្រាលីក្នុងឆ្នាំ២០២០ បន្ទាប់ពីលោកអតីតនាយករដ្ឋមន្ត្រី Scott Morrison បានអំពាវនាវឱ្យមានការបើកស៊ើបអង្កេតអន្តរជាតិលើប្រភពដើមនៃការផ្ទុះជំងឺកូវីដ-១៩៕