(បាងកក)៖ ឧបនាយករដ្ឋមន្ត្រីថៃបានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា សេដ្ឋកិច្ចប្រទេសថៃអាចនឹងកើនឡើងរហូតដល់ ៤ភាគរយនៅឆ្នាំនេះពោលគឺជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ៥ឆ្នាំ ដែលត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងការកើនឡើងការប្រើប្រាស់ក្នុងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោកឧបនាយករដ្ឋមន្ត្រី Supattanapong Punmeechaow ដែលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចខណៈថ្លែងក្នុងសិក្ខាសាលាមួយថា ការវិនិយោគថ្មីដែលរំពឺងទុកក៏នឹងជួយជំរុញសេដ្ឋកិច្ចផងដែរ។

លោកមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចនឹងច្បាស់ជាល្អជាងឆ្នាំមុន... បើទោះបីជាមានផលប៉ះពាល់ខ្លះពីតម្លៃថាមពលក៏ដោយ»

លោកបានបន្តថា៖ «សព្វថ្ងៃស្ថានភាពសេដ្ឋកិច្ចកំពុងស្ទុះងើបឡើងវិញ ហើយនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។ លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ការមកដល់របស់ភ្ញៀវទេសចរបរទេសត្រូវបានរំពឹងថានឹងមានចំនួនជាង ២០លាននាក់នៅឆ្នាំនេះ។

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសថៃមានភាពយឺតយ៉ាវជាងប្រទេសនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត ដោយវិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះទើបតែចាប់ផ្តើមស្ទុះងើបឡើងវិញកាលពីឆ្នាំមុនដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន ១១,១៥លាននាក់។

កាលពីសប្តាហ៍មុន ក្រសួងហិរញ្ញវត្ថុថៃបានរក្សាការព្យាករអំពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ របស់ខ្លួននៅកម្រិត ៣,៨ ភាគរយដដែល ប៉ុន្តែបានកាត់បន្ថយការព្យាករអំពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ មកនៅត្រឹម ៣ភាគរយពី ៣,៤ភាគរយ ដោយសារការនាំចេញធ្លាក់ចុះ។

រដ្ឋាភិបាលថៃនឹងរាយការណ៍ទិន្នន័យផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ២០២២ ជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕