(ញូវយ៉ក)៖ ការនាំចេញប្រេងឆៅប្រភេទផ្អែមស្រាល (light sweet) របស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៥ខែ ខណៈចិនដែលជាប្រទេសនាំចូលប្រេងឆៅធំបំផុតក្នុងពិភពលោកបានបង្កើនការចម្រាញ់ និងនៅពេលដែលតម្រូវការរបស់អឺរ៉ុបបានធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Matt Smith អ្នកវិភាគនាំមុខនៃក្រុមហ៊ុនប្រមូលទិន្នន័យ និងវិភាគ Kpler ថា ប្រេងឆៅប្រភេទផ្អែមស្រាល (មានសុលហ្វាតិចជាង ០,៥%) របស់សហរដ្ឋអាមេរិកដែលដឹកទៅកាន់ប្រទេសចិន បានកើនឡើងកាលពីខែមុនដល់ប្រហែល ១៨៧ ០០០បារ៉ែលក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីខែសីហា ឆ្នាំ២០២២មក។

ការនាំចេញទាំងនោះត្រូវបានរំពឹងថានឹងធ្វើឱ្យការផ្គត់ផ្គង់ប្រេងឆៅប្រភេទនេះនៅទូទាំងពិភពលោកកាន់តែចង្អៀត ខណៈតម្លៃប្រេងឆៅប្រភេទ WTI ដែលជាកម្រិតប្រេងឆៅផ្អែមស្រាលដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅទីតាំងផលិតកម្មប្រេងប្រភេទនេះ (WTI Midland) បានកើនឡើង។

អ្នកយុទ្ធសាស្រ្តប្រេង និងឧស្ម័នសកលម្នាក់ទៀតគឺលោក Vikas Dwivedi មកពីក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Macquarie Group ក៏ត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រផងដែរថា៖ «ប្រទេសចិនកំពុងបន្តទិញប្រេងឆៅផ្អែមស្រាលបន្ថែមទៀត។ ប្រេងឆៅ WTI កំពុងត្រូវបានដឹកជញ្ជូនទៅកាន់អាស៊ីក្នុងទំហំកាន់តែច្រើនឡើង»