(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានផលិតវីដេអូបង្ហាញពីរបាយការណ៍សង្ខេប​ ស្តីពីវឌ្ឍនភាពការងារគ្រប់គ្រងការប្រមូលចំណូលពន្ធ ប្រចាំឆ្នាំ២០២២។

នៅឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានចំនួន ១៣ ៩៩៣.២០ប៊ីលានរៀល (ប្រមាណជា ៣ ៤៥៥.១១លានដុល្លារ) ស្មើនឹង១២២.៥៤% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ២ ៧០២.៧៣ ប៊ីលានរៀល (ប្រមាណជា ៦៦៧.៣៤លានដុល្លារ) ស្មើនឹង ២៣.៩៦%។

សម្រាប់រយៈពេល១២ខែ ក្នុងឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២៣.៧៣%, អាករលើតម្លៃបន្ថែម ៣៤.១០%, ពន្ធលើប្រាក់បៀវត្ស ២២.៤៥%, អាករពិសេស ២៥.៧០%, និង ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យ ១២.៧០%។

លោក គង់ វិបុល បញ្ជាក់ថា លទ្ធផលជាទីមោទនៈនេះ គឺមិនអាចកាត់ផ្តាច់ចេញពីការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈការចាត់វិធានការជាយុទ្ធសាស្ត្រ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ប្រកបដោយស្មារតីបុរេសកម្ម និងទាន់ពេលវេលា ដែលអាចកសាងភាពស៊ាំ ក្នុងសហគមន៍ទៅនឹងជំងឺរាតត្បាតនេះ ហើយឈានទៅបើកប្រទេសជាតិ ឱ្យដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ហើយបាននិងកំពុងអនុវត្តការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩។

បន្ថែមពីនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើការគ្រប់គ្រងប្រមូលចំណូលពន្ធ ដែលតែងតែដឹកនាំចង្អុលបង្ហាញ ប្រកបដោយភាពឈ្លាសវៃ និងការដាក់ផែនការយ៉ាងមុតស្រួច លើការអនុវត្តកំណែទម្រង់សំខាន់ៗ និងវិធានការជាយុទ្ធសាស្ត្រនាពេលកន្លងមក ដែលបានជំរុញ និងលើកកម្ពស់អនុលោមភាពសារពើពន្ធ និងធានាបាននូវការប្រកួតប្រជែង ដោយស្មើភាពក្នុងចំណោមមជ្ឈដ្ឋានវិនិយោគ៕