(ញូវយ៉ក)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃចន្ទបានដំឡើងការព្យាកររបស់ខ្លួនអំពីទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសដែលជាទីផ្សារកំពុងរីកចម្រើនសម្រាប់ឆ្នាំនេះ ដោយសារការបើកចំហរប្រទេសឡើងវិញរបស់ចិន ភាពធន់នៃសេដ្ឋកិច្ចឥណ្ឌា និងកំណើនសេដ្ឋកិច្ចឥតរំពឹងទុករបស់រុស្ស៊ី។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍បច្ចុប្បន្នភាពចុងក្រោយបំផុតស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិ IMF ថា មូលនិធិនេះមើលឃើញថា ប្រទេសដែលជាទីផ្សារដែលកំពុងរីកចម្រើន និងមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ទទួលបានកំណើនសេដ្ឋកិច្ច ៤ភាគរយក្នុងឆ្នាំ២០២៣ ពោលគឺខ្ពស់ជាងការព្យាករកាលពីខែតុលារបស់មូលនិធិ IMF ចំនួន ០,៣ពិន្ទុភាគរយ និង ០,១ពិន្ទុភាគរយខ្ពស់ជាងការព្យាករសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ ដែលថាមានចំនួន ៣,៩ភាគរយ។ សម្រាប់ឆ្នាំ២០២៤ មូលនិធិ IMF ព្យាករថានឹងមានកំណើន ៤,២ភាគរយ។

អតិផរណា ដែលជាកត្តារាំងស្ទះដល់កំណើនសេដ្ឋកិច្ចនាពេលថ្មីៗនេះ ត្រូវបានគេមើលឃើញថាមានអត្រាខ្ពស់ ទោះបីជានៅតែបន្តធ្លាក់ចុះនៅឆ្នាំនេះ និងឆ្នាំក្រោយក៏ដោយ។ ក្រុមប្រទេសដែលជាទីផ្សារកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ត្រូវបានគេមើលឃើញថា អត្រាអតិផរណាបានកើនឡើង ៩,៩ភាគរយក្នុងឆ្នាំ២០២២ បន្ទាប់មកនឹងថយចុះមកត្រឹម ៨,១ភាគរយនៅឆ្នាំ២០២៣ និង ៥,៥ភាគរយនៅឆ្នាំ២០២៤ ប៉ុន្តែនៅតែខ្ពស់ជាងអត្រាជាមធ្យម ៤,៩ភាគរយក្នុងរយៈពេលពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា ១៥ភាគរយនៃបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបត្រូវបានប៉ាន់ប្រមាណថាស្ថិតក្នុងវិបត្តិបំណុលរួចហើយ ហើយ ៤៥ភាគរយទៀតមានហានិភ័យខ្ពស់ក្នុងការឈានទៅរកវិបត្តិបំណុល ដោយប្រទេស១ ក្នុងចំណោម ៤ប្រទេសដែលជាទីផ្សារកំពុងរីកចម្រើនក៏មានហានិភ័យខ្ពស់ផងដែរ។

នៅឆ្នាំ២០២៣ នេះ សេដ្ឋកិច្ចរបស់ឥណ្ឌាត្រូវបានបន្តមើលឃើញថាមានការកើនឡើងជាង ៦ ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ ខណៈពេលដែលការព្យាករដំឡើងសេដ្ឋកិច្ចរបស់ប្រទេសចិនចំនួន ០,៨ពិន្ទុភាគរយធ្វើឱ្យប្រទេសនេះស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាង ៥ភាគរយនៅឆ្នាំនេះ។

លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវនៃមូលនិធិ IMF បានមានប្រសាសន៍ថា៖ «ប្រសិនបើយើងក្រឡេកមើលទាំងប្រទេសចិន និងឥណ្ឌាព្រមគ្នា ប្រទេសទាំងពីរនេះមានចំណែកប្រហែល ៥០ភាគរយនៃកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣ ... ដូច្នេះវាជាការរួមចំណែកដ៏សំខាន់មួយ»។

ម៉្យាងវិញទៀត ប្រទេសរុស្ស៊ីត្រូវបានមើលឃើញថានឹងមានកំណើន ២,៦ពិន្ទុភាគរយនៅក្នុងការព្យាករអំពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣នេះ ដែលមានន័យថា សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងកើនឡើង ០,៣ភាគរយនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕