(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវ ដល់ម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅឋាន, អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ, អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ, អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន ដែលមិនទាន់មានអាជ្ញាបណ្ណ មកសុំអាជ្ញាបណ្ណប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ។

សេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) មានកិត្តិយសសូមជម្រាប ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា រាល់ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន ត្រូវមានអាជ្ញាបណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។

ដើម្បីទប់ស្កាត់នូវសកម្មភាព ប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ច ប្រកបដោយសុចរិត និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សូមក្រើនរំលឹកដល់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លេខ១៦៨ ជាន់ទី៧ ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

និយ័តករបញ្ជាក់ទៀតថា ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគ ដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើស ដែលត្រូវបញ្ឈប់សកម្មភាព និងរងពិន័យជាទឹកប្រាក់ ដូចមានចែងក្នុងបទប្បញ្ញត្តិជាធរមាន៕