(ប៉េកាំង)៖ សមាគមមាសចិន (CGA) បានឱ្យដឹងថា ប្រទេសចិនផលិតមាសបាន ៣៧២,០៤តោនក្នុងឆ្នាំ២០២២ កើនឡើង ៤៣,០៦តោន ឬ ១៣,០៩ភាគរយធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយ CGA ថា ការប្រើប្រាស់មាសនៅក្នុងប្រទេសចិនមានចំនួនសរុប ១ ០០១,៧៤តោនកាលពីឆ្នាំមុន ធ្លាក់ចុះ ១០,៦៣ភាគរយធៀបនឹងឆ្នាំ២០២១។

ការប្រើប្រាស់គ្រឿងអលង្ការមាសបានធ្លាក់ចុះ ៨,០១ភាគរយនៅឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ មកនៅត្រឹម ៦៥៤,៣២តោន ខណៈដែលការវិនិយោគលើមាសដុំ និងកាសមាសធ្លាក់ចុះ ១៧,២៣ភាគរយធៀបនឹងឆ្នាំ២០២១ មកនៅត្រឹម ២៥៨,៩៤តោន។

នៅឆ្នាំ២០២២ តម្លៃមាសនៅតែស្ថិតក្នុងកម្រិតខ្ពស់នៅក្នុងទីផ្សារពិភពលោក ដែលជំរុញដោយកត្តានានាដូចជា វិបត្តិភូមិសាស្ត្រនយោបាយ ជំងឺរាតត្បាតកូវីដ-១៩ ការថមថយសេដ្ឋកិច្ចពិភពលោក និងការកើនឡើងអតិផរណា។

ទិន្នន័យរបស់សមាគម CGA បានបង្ហាញថា តម្លៃជាមធ្យមប្រចាំឆ្នាំរបស់មាស Au9999 ដែលជាមាសសុទ្ធចម្រាញ់គុណភាពខ្ពស់នៅលើផ្សារហ៊ុន Shanghai Gold Exchange បានកើនឡើង ៤,៥៣ភាគរយធៀបនឹងឆ្នាំ២០២១ ដល់ទៅ ៣៩០,៥៨យន់ (ប្រហែល ៥៧,៥៨ដុល្លារ) ក្នុងមួយក្រាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ៕