(តូក្យូ)៖ ប្រទេសជប៉ុនបានទម្លាក់ចក្ខុវិស័យរបស់ខ្លួនចំពោះសេដ្ឋកិច្ចទាំងមូលជាលើកដំបូងក្នុងរយៈពេល ១១ខែ ដោយសារការឆ្លងជំងឺកូវីដ-១៩ នៅប្រទេសចិន និងការធ្លាក់ចុះតម្រូវការបច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិកសកលបានប៉ះពាល់ដល់ការនាំចេញ ជាពិសេសទៅកាន់អាស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនរំពឹងថា សេដ្ឋកិច្ចធំទី៣ ក្នុងពិភពលោកមួយនេះនឹងបន្តកើនឡើង ប៉ុន្តែចាំបាច់ត្រូវយកចិត្តទុកដាក់ខ្លាំងលើផលប៉ះពាល់ពីការរីករាលដាលការឆ្លងមេរោគនៅប្រទេសចិន បន្ទាប់ពីប្រទេសនេះបានកាត់បន្ថយវិធានការដ៏តឹងរ៉ឹងក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។

ការទម្លាក់ចក្ខុវិស័យសេដ្ឋកិច្ចនេះបានធ្វើឡើងបន្ទាប់ពីកាលពីសប្តាហ៍មុនធនាគារកណ្តាលជប៉ុនបានកាត់បន្ថយការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់រយៈពេល ២ឆ្នាំសារពើពន្ធខាងមុខ ក្នុងគ្រាដែលមានការព្រួយបារម្ភថា ការធ្លាក់ចុះតម្រូវការសកលនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនដែលពឹងផ្អែកលើការនាំចេញ។

យោងតាមរបាយការណ៍ចុងក្រោយរបស់ខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា៖ «សេដ្ឋកិច្ចកំពុងងើបឡើងវិញក្នុងកម្រិតមធ្យម ប៉ុន្តែការធ្លាក់ចុះមួយចំនួនត្រូវបានមើលឃើញនាពេលថ្មីៗនេះ»។

អាជ្ញាធរជប៉ុនបានកាត់បន្ថយការវាយតម្លៃរបស់ខ្លួនលើការនាំចេញជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១ ហើយក៏បានកាត់បន្ថយការវាយតម្លៃលើការនាំចូលជាលើកដំបូងផងដែរក្នុងរយៈពេលបីខែ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទាំងការនាំចេញនិងការនាំចូលត្រូវបានព្យាករថាកំពុងធ្លាក់ចុះនាពេលថ្មីៗនេះបើធៀបនឹងចក្ខុវិស័យកាលពីខែមុនដែលថាស្ទើរតែនៅទ្រឹង។

មន្ត្រីម្នាក់មកពីការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុនបានថ្លែងថា៖ «ការកើនឡើងវិញនៃករណីឆ្លងកូវីដ-១៩ នៅប្រទេសចិនអាចប៉ះពាល់ដល់ការនាំចេញ និងផលិតកម្មរបស់ប្រទេសជប៉ុន ហើយលទ្ធភាពបែបនេះកើតមានកាន់តែច្បាស់ជាងខែមុន»។

រដ្ឋាភិបាលជប៉ុនក៏នៅតែមានការប្រុងប្រយ័ត្នចំពោះហានិភ័យធ្លាក់ចុះពីការថមថយសេដ្ឋកិច្ចពិភពលោកផងដែរក្នុងគ្រាដែលមានការរឹតបន្តឹងរូបិយវត្ថុ អតិផរណា និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕