(ភ្នំពេញ)៖ ជាមួយនឹងការបើកប្រទេសកាន់តែទូលំទូលាយរបស់បណ្តាប្រទេសនានាលើសកលលោក សម្រាប់កម្ពុជាចំនួនអ្នកទេសចរណ៍នឹងរំពឹងថា មានការកើនឡើងក្នុងឆ្នាំ២០២៣នេះ មានចំនួនប្រមាណ ៤,៦លាននាក់ ធៀបនឹង ២,២លាននាក់ ក្នុងឆ្នាំ២០២២ តាមរយៈការព្យាករណ៍អ្នកដំណើរ របស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ របស់គណៈកម្មការតាមដាន និងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ។

បន្ថែមពីលើការព្យាករណ៍យ៉ាងសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២២ គណៈកម្មការក៏បានជំរុញក្រុមហ៊ុនសម្បទាន ព្រលានយន្តហោះ SCA ក្នុងការវិនិយោគផ្សេងៗ ដើម្បីត្រៀមលក្ខណៈរួចរាល់របស់អាកាសយានដ្ឋានទាំងបី សំដៅធានាបាននូវសុវត្ថិភាព សន្តិសុខ និងសេវាកម្មប្រកបដោយផាសុខភាព ក្នុងការបម្រើដល់អ្នកទេសចរណ៍ដែលនឹងមកដល់កម្ពុជាជាបន្តបន្ទាប់នៅឆ្នាំ២០២៣នេះ៕