(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានកើនឡើងបន្តិចនៅក្នុងការជូញដូរអាស៊ីនៅព្រឹកថ្ងៃអង្គារ ខណៈដែលទីផ្សារផ្តោតលើការចក្ខុវិស័យនៃការស្ទុះងើបឡើងវិញនៃតម្រូវប្រេងពីប្រទេសចិនដែលជាប្រទេសប្រើប្រាស់ថាមពលច្រើនជាងគេ និងផ្តោតលើចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៥សេនដល់ ៨៨,២៤ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានកើនឡើង ១៣សេនដល់ ៨១,៧៥ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅនៅក្នុងទីផ្សាររូបវន្តបានចាប់ផ្តើមកើនឡើងនៅឆ្នាំនេះ ដោយសារប្រទេសចិនដែលបានលុបចោលវិធានការទប់ស្កាត់ជំងឺកូវីដ១៩ បានបង្ហាញសញ្ញានៃការទិញប្រេងកាន់តែច្រើន និងខណៈពេលដែលពាណិជ្ជករមានការព្រួយបារម្ភថា ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីអាចរឹតបន្តឹងការផ្គត់ផ្គង់។

ទោះជាយ៉ាងណា លោកលោក Edward Moya អ្នកវិភាគមកពីក្រុមហ៊ុន OANDA បានឱ្យដឹងថា តម្លៃប្រេងឆៅកំពុងធ្លាក់ចុះនៅពេលដែលតម្លៃប្រាក់ដុល្លារមានស្ថិរភាព និងខណៈពេលដែលចិនបើកចំហរប្រទេសឡើងវិញ។
លោក Moya បានសរសេរនៅក្នុងកំណត់សម្គាល់មួយថា នៅសហរដ្ឋអាមេរិក «សេដ្ឋកិច្ចនៅតែអាចវិលវល់ ហើយពាណិជ្ជករថាមពលមួយចំនួននៅតែសង្ស័យថា តើតម្រូវការប្រេងឆៅរបស់ចិននឹងស្ទុះងើបឡើងវិញលឿនកម្រិតណាក្នុងត្រីមាសនេះ»