(ហ្សឺណែវ)៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ចិនដែលជាប្រទេសនេសាទដ៏ធំមួយមានបំណងអនុម័តកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីការកាត់បន្ថយការឧបត្ថម្ភធនផ្នែកជលផលនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំមួយក្នុងខែមិថុនា ឆ្នាំ២០២២ សមាជិកទាំង ១៦៤ប្រទេសរបស់អង្គការ WTO បានយល់ព្រមកាត់បន្ថយការឧបត្ថម្ភធនផ្នែកជលផលដែលការឧបត្ថម្ភធននេះកំពុងជំរុញឱ្យមានការនេសាទលើសកម្រិត។

ក្រុមអ្នកសង្កេតការណ៍បានឱ្យដឹងថា ប្រទេសចិនគឺជាអ្នកឧបត្ថម្ភធនធំមួយ ដូច្នេះការអនុម័ររបស់ចិនចំពោះកិច្ចព្រមព្រៀងនេះនឹងមានសារៈសំខាន់។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រទេសស៊្វីសក៏បានឱ្យដឹងផងដែរថា ខ្លួននឹងផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះក្នុងអំឡុងពេលកិច្ចប្រជុំនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំនៅទីក្រុងដាវ៉ូស។

បើទោះបីជាប្រទេសស្វ៊ីសដែលគ្មានព្រំដែនជាប់សមុទ្រនេះមិនមែនជាប្រទេសនេសាទដ៏សំខាន់ក៏ដោយ ក៏ក្រុមសកម្មជនបាននិយាយថា វានៅតែមានសារៈសំខាន់ដោយសារច្បាប់ថ្មីនេះអាចចូលជាធរមានបានលុះត្រាតែមានការអនុម័តពីប្រទេសជាសមាជិករបស់អង្គការ WTO ចំនួន ១០០សមាជិកឡើងទៅ។ លោកស្រី Isabel Jarret មកពីអង្គការ The Pew Charitable Trusts បានហៅ ការវិវឌ្ឍនេះថាជា «ជំហានដ៏សំខាន់»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕