(ភ្នំពេញ)៖ វិនិយោគិនក្នុងស្រុក នៅរយៈពេល៣ឆ្នាំចុងក្រោយនេះ បានបន្តឈរលំដាប់លេខរៀងទី១ ដែលបោះទុនវិនិយោគច្រើនជាងគេ ដែលនេះបានបង្ហោះពីតួនាទីយ៉ាងសំខាន់ របស់អ្នកវិនិយោគក្នុងស្រុក។

នៅឆ្នាំ២០២២ វិនិយោគិនក្នុងស្រុក បានបោះទុនវិនិយោគនូវទឹកប្រាក់ ២ ១៥៩លានដុល្លារ ក្រោបយកចំណែក ៥៣.៥៤ភាគរយ នៃទុនវិនិយោគសរុប ខណៈប្រទេសចិនឈរលើលេខរៀងទី២ មានទឹកប្រាក់ ១ ៦៩៤លានដុល្លារ ស្មើនឹង៤២.០១ភាគរយ។ នេះបើតាមរបាយការណ៍ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

របាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការអនុម័តគម្រោងវិនិយោគសរុបចំនួន ១៨៦គម្រោង ក្រោមទុនវិនិយោគសរុប ៤០៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណ ១៤៤ពាន់កន្លែង។

លំហូរទុនវិនិយោគក្នុងឆ្នាំ២០២២ ប្រមូលផ្ដុំតែមកពីក្នុងស្រុក និងមកពីប្រទេសចិន ដែលបានរួមចំណែកជិត ៩៦ភាគរយ នៃទុនវិនិយោគសរុប ខណៈការវិនិយោគមកពីប្រទេស និងតំបន់ផ្សេងៗមានកម្រិតទាប។

ជាមួយគ្នានេះ គម្រោងវិនិយោគនៅតែប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងបណ្តាខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងនៅខេត្តដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសច្រើន គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។

ពេលអនាគតនៅពេលផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ត្រូវបានអនុម័ត ដោយរាជរដ្ឋាភិបាល គម្រោងវិនិយោគជាច្រើនទៀតរំពឹងថា លេចចេញជារូបរាងនៅក្នុងខេត្ត «តារារះនាទិសនិរតី» មួយនេះ៕