(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា វិនិយោគិនជាស្ថាប័នភាគច្រើននៅក្នុងប្រទេសថៃនឹងមិនត្រូវបានលើកលែងពីការបង់ពន្ធលើប្រតិបត្តិការជួញដូរភាគហ៊ុនដែលនឹងចាប់ផ្តើមដកហូតឡើងវិញនៅឆ្នាំក្រោយនោះទេ បន្ទាប់ពីផ្អាកអស់រយៈពេលជាង ៣ទសវត្សរ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri កាលពីថ្ងៃសៅរ៍ថា ខណៈពេលដែលមានការលើកលែងចំពោះមូលនិធិសោធននិវត្តន៍ និងអ្នកបង្កើតទីផ្សារ (market makers) ពីការបង់ពន្ធនេះ វិនិយោគិនជាស្ថាប័នផ្សេងទៀតត្រូវតែបង់ពន្ធ ។

លោកបានថ្លែងថា ប្រទេសថៃកំណត់វិនិយោគិនជាស្ថាប័នដែលនឹងត្រូវបង់ពន្ធនេះថាជាបុគ្គលដែលជួញដូរភាគហ៊ុនលើគណនីផ្ទាល់ខ្លួនរបស់ពួកគេ មូលនិធិមិនមែនជាប្រាក់សោធននិវត្តន៍ និងក្រុមហ៊ុនមូលបត្រ ដែលមិនមែនជាគណនីអ្នកបង្កើតទីផ្សារ។

លោក Anucha បន្ថែមថា សេចក្តីរាយការណ៍នានាអំពីការលើកលែងពីការយកពន្ធនេះដែលចេញផ្សាយកន្លងមកកំពុងបង្កឱ្យមានការយល់ខុស។

យោងតាមឯកសាររបស់ក្រសួងហិរញ្ញវត្ថុដែលចេញផ្សាយនៅសប្តាហ៍នេះ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានអនុម័តគោលនយោបាយនេះ ពន្ធក្នុងអត្រា ០,០៥% នឹងត្រូវដកហូតលើប្រតិបត្តិការជួញដូរភាគហ៊ុន ដែលនឹងត្រូវដំឡើងដល់ ០,១% នៅពេលណាមួយក្នុងឆ្នាំ២០២៤។ ពន្ធនឹងចូលជាធរមានក្នុងរយៈពេល ៩០ថ្ងៃបន្ទាប់ពីមានការជូនដំណឹងនៅក្នុងសៀវភៅព្រះរាជកិច្ច (Royal Gazette)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Blomberg។

ប្រទេសថៃបានផ្អាកការដកហូតពន្ធនេះក្នុងឆ្នាំ១៩៩២ ដើម្បីជួយលើកកម្ពស់ការជួញដូរភាគហ៊ុន៕