(ប៉េកាំង)៖ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទាន Moody's បានឱ្យដឹងកាលពីថ្ងៃសុក្រថា ហានិភ័យចំពោះស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ចិនកំពុងកើនឡើងដោយសារការបន្តធ្លាក់ចុះនៃវិស័យអចលនទ្រព្យរបស់ប្រទេសនេះ និងការថមថយសេដ្ឋកិច្ចដែលធ្វើឱ្យធនាគារតូចៗកាន់តែងាយរងគ្រោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំនេះ បន្ទាប់ពីមានការដាក់ចេញវិធានការដោយទីក្រុងប៉េកាំងក្នុងរារាំងការខ្ចីប្រាក់ច្រើនហួសហេតុពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍។ កិច្ចប្រឹងប្រែងនេះបានបង្កឱ្យមានការធ្លាក់ចុះការវិនិយោគលើអចលនទ្រព្យ ការលក់ និងតម្លៃ និងការកើនឡើងការបរាជ័យសងបំណុលសម្រាប់មូលបត្របំណុល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលចេញផ្សាយដោយក្រុមហ៊ុន Moody's ថា៖ «ទ្រនាប់ការពារប្រព័ន្ធហិរញ្ញវត្ថុមួយចំនួនកំពុងធ្លាក់ចុះ ដែលនឹងបង្កហានិភ័យ ប្រសិនបើការធ្លាក់ចុះនៃអចលនទ្រព្យកាន់តែអូសបន្លាយពេល»។ ក្រុមហ៊ុននេះបានបន្ថែមថា តម្រូវការដែលថយចុះបានរក្សាចក្ខុវិស័យអវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ។

របាយការណ៍ដដែលនេះបានបន្តថា៖ «ហានិភ័យចំពោះស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិនកំពុងកើនឡើងក្នុងគ្រាដែលមានការធ្លាក់ចុះនៅក្នុងវិស័យអចលនទ្រព្យ និងការការថមសេដ្ឋកិច្ចរបស់ប្រទេសចិន»។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងប៉េកាំងបានបង្កើនការគាំទ្រដល់ការបង្កើនសាច់ប្រាក់ងាយស្រួលក្នុងឧស្សាហកម្មនេះ ដែលស្មើនឹងមួយភាគបួននៃសេដ្ឋកិច្ចចិនដែលជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក និងជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។

ធនាគារពាណិជ្ជធំៗរបស់ប្រទេសនេះក៏បានផ្តល់ឥណទានថ្មីយ៉ាងហោចណាស់ ១៦២ពាន់លានដុល្លារដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផងដែរ។

របាយការណ៍ដដែលនេះបានឱ្យដឹងទៀតថា ខណៈពេលដែលគោលនយោបាយថ្មីរបស់រដ្ឋាភិបាលចិនអាចបន្ធូរបន្ថយឧបសគ្គផ្នែកថវិកាក៏ដោយ ក៏វានឹងត្រូវការពេលវេលាដើម្បីទទួលបានលទ្ធផលផងដេរ។

លោក Lillian Li អនុប្រធាន និងជាមន្ត្រីឥណទានជាន់ខ្ពស់របស់ក្រុមហ៊ុន Moody មានប្រសាសន៍ថា៖ «ទោះបីជាអាជ្ញាធរនៅតែបន្តមានឧបករណ៍ដើម្បីការពារវិបត្តិហិរញ្ញវត្ថុជាប្រព័ន្ធក៏ដោយ ក៏ទ្រនាប់ការងារទាំងនេះកំពុងចុះខ្សោយ ហើយអាចបង្កហានិភ័យ ប្រសិនបើការដួលរលំនៃអចលនទ្រព្យនៅតែបន្ត»

យោងតាមក្រុមហ៊ុន Moody's ទោះបីជាប្រព័ន្ធធនាគារជាទូទៅមានភាពរឹងមាំក៏ដោយ ក៏ធនាគារតូចៗមានភាពងាយរងគ្រោះបំផុត និងប្រឈមមុខនឹងហានិភ័យជាច្រើនពីវិស័យអចលនទ្រព្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕