(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ រួមមានគណៈកម្មការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល សមាគមធនាគារជាដើម បានរៀបចំវេទិកាបច្ចេកហិញ្ញវត្ថុ ដើម្បីគាំទ្រ និងជំរុញសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅកម្ពុជា តាមរយៈការពិភាក្សាលើបញ្ហាប្រឈម និងឱកាសនៃការអភិវឌ្ឍប្រព័ន្ធអេកូបច្ចេកហិញ្ញវត្ថុ​របស់កម្ពុជា។ ​

លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងវេទិកាបច្ចេកហិរញ្ញវត្ថុ នាថ្ងៃទី១១ ខែវិច្ឆិកាថា ​បច្ចេកវិទ្យាហិរញ្ញវត្ថុ ​​គឺជាកត្តាជំរុញសក្តានុពលខ្ពស់ ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក តាមរយៈតួនាទីសំខាន់ៗចំនួន​៤​រួមមាន៖ ការបង្កើនការប្រកួតប្រជែងដោយយុត្តិធម៌ និងប្រសិទ្ធភាពនៃការផ្តល់សេវាហិរញ្ញវត្ថុ​, ការបង្កើត​ទីផ្សារថ្មី និងការពង្រឹងទីផ្សារដែលមានស្រាប់ឡើងវិញ, ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈវេទិកា ឌីជីថលដែលងាយស្រួលប្រើផ្សេងៗ ​ព្រមទាំងការពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីនៃសហគ្រាសធុនតូច និងមធ្យម (MSMEs) និងការចាប់ផ្ដើមអាជីវកម្ម។

លោកបន្តថា ប្រទេសជាច្រើននៅជុំវិញពិភពលោក រួមទាំង​រដ្ឋសមាជិកអាស៊ាន​ បានសង្កេតឃើញមានការកើនឡើង គួរឱ្យកត់សម្គាល់នៃចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត អ្នកទិញតាមអ៊ីនធឺណិត និងការវិនិយោគ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កត្តាទាំងអស់នោះឆ្លុះបញ្ចាំង ពីសក្តានុពលខ្ពស់នៃវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាឱកាសដើម្បីបន្តអភិវឌ្ឍវិស័យនេះ។

លោកបន្ថែមថា «សម្រាប់ប្រទេសកម្ពុជា យើងបានសង្កេតឃើញពីឥទ្ធិពលរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការផ្លាស់ប្តូរឧស្សាហកម្មហិរញ្ញវត្ថុទាំងមូល ​តាមរយៈការផ្តល់ និងទទួលបានសេវាហិរញ្ញវត្ថុ។ ជាងនេះទៅទៀត ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ បានរួមចំណែកដល់ការបន្តសកម្មភាពសេដ្ឋកិច្ចសំខាន់ៗមួយចំនួន រួមទាំងអាជីវកម្ម និងការវិនិយោគផងដែរ»

លោកបន្តថា ការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រតិបត្តិការ ក្នុងវិស័យធនាគារ និងការរីកចម្រើនក្នុងវិស័យធានារ៉ាប់រង បង្ហាញយ៉ាងច្បាស់ថា ស្ថាប័នហិរញ្ញវត្ថុណាដែលមានល្បឿនលឿន ក្នុងការទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ កំពុងផ្លាស់ប្តូរបញ្ហាប្រឈមទៅជាឱកាសថ្មី។ ការធ្វើដូច្នេះអាចពង្រឹង និងពង្រីកសេវាកម្មរបស់ពួកគេ ឱ្យកាន់តែមានសមត្ថភាព និងធន់ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីបច្ចេកវិទ្យាថ្មីៗ ដើម្បីលើកកម្ពស់ និងពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។

​លោកបញ្ជាក់ថា ដោយមើលពីសក្ដានុពលនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ នាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ របស់កម្ពុជា ដើម្បីបង្កើតក្របខ័ណ្ឌរួមសម្រាប់វិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ និង​ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាខ្វះខាតផ្សេងៗក្នុងការពន្លឿនការអភិវឌ្ឍន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយមាន គណៈកម្មាធិការសេដ្ឋកិច្ចឌីជីថល និងធុរកិច្ចជាស្ថាប័នទទួលខុសត្រូវ ក្នុងការសម្របសម្រួលការតាក់តែងគោលនយោបាយនេះ។ ​

លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ត្រូវបានពង្រីកគួរឱ្យកត់សម្គាល់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសនៅក្នុងការទូទាត់ និងការផ្ទេរប្រាក់តាមរយៈឌីជីថល។ ជំងឺរាតត្បាត​កូវីដ១៩ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពន្លឿននិន្នាការនេះ ដោយសារឧស្សាហកម្មជាច្រើន បានផ្លាស់ប្តូរទៅរកប្រតិបត្តិការដោយគ្មានសាច់ប្រាក់។

​លោកបន្តថា «ដូចដែលយើងអាចឃើញនាពេលបច្ចុប្បន្ននេះ ការទទួលយកបច្ចេកវិទ្យា Fintech ដូចជាកម្មវិធីចែកចាយអាហារ/ទំនិញ ​ការទូទាត់តាមអេឡិចត្រូនិក និងការទូទាត់តាមឌីជីថល នៅក្នុងប្រទេស ត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ដើម្បីកែលម្អសេវាកម្មរបស់ពួកគេ ក៏ដូចជាជីវិតរស់នៅ​ និងគុណភាពរបស់ប្រជាជនកម្ពុជា។ ជាងនេះទៅទៀត ការប្រើប្រាស់ FinTech មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ដល់ស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់នូវភាពងាយស្រួល និងងាយស្រួលក្នុងការបម្រើអតិថិជន របស់ពួកគេ និងធ្វើ​ឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរតួយ៉ាងសំខាន់ ក្នុងការរួមបញ្ចូលហិរញ្ញវត្ថុដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដែលមានស្រាប់ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដើម្បីធ្វើឱ្យធនាគារកាន់តែងាយស្រួល និងអាចចូលប្រើប្រាស់បានកាន់តែច្រើន​ និងចំណាយមានប្រសិទ្ធិភាព។

​យោងតាមធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ​២០២១ ​ប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈឌីជីថលមានចំនួន ៦៩៨.៨​លានដង ដែលមានតម្លៃ ១៩៩.៧៦ ​ពាន់លានដុល្លារអាមេរិក​៕