(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមាននៅដើមសប្តាហ៍នេះថា ការទប់ស្កាត់សម្ពាធអតិផរណា វិបត្តិថាមពលនិងអាហារដោយសារសង្គ្រាម និងការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ កំពុងជំរុញឱ្យពិភពលោកដើរឆ្ពោះទៅរកការដើរថយក្រោយនៃសេដ្ឋកិច្ច និងគំរាមកំហែងដល់ស្ថិរភាពទីផ្សារហិរញ្ញវត្ថុ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មូលនិធិ IMF បានជំរុញឱ្យធនាគារកណ្តាលនានារក្សាការប្រយុទ្ធប្រឆាំងនឹងអតិផរណា ទោះបីជាមានការឈឺចាប់ដែលបណ្តាលមកពីការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ និងការកើនឡើងតម្លៃប្រាក់ដុល្លារដល់កម្រិតខ្ពស់ក្នុងរយៈពេលពីរទសវត្សរ៍ក៏ដោយ។

ដោយបានកាត់បន្ថយការព្យាករកំណើនសកលឆ្នាំ២០២៣ របស់ខ្លួនបន្ថែមទៀត មូលនិធិ IMF បានឱ្យដឹងនៅក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនថា ប្រទេសដែលតំណាងឱ្យមួយភាគបីនៃទិន្នផលសេដ្ឋកិច្ចពិភពលោកអាចស្ថិតក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចនៅឆ្នាំក្រោយ។

លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូរបស់មូលនិធិ IMF បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងបីគឺ សហរដ្ឋអាមេរិក ចិន និងតំបន់ចាយប្រាក់អឺរ៉ូ នឹងបន្តជាប់គាំង។ សរុបមក ស្ថានភាពអាក្រក់បំផុតមិនទាន់មកដល់ទេ ហើយសម្រាប់មនុស្សជាច្រើន ឆ្នាំ២០២៣ នឹងអាចធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ច»

មូលនិធិ IMF បានឱ្យដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនៅឆ្នាំក្រោយនឹងថយចុះមកនៅត្រឹម ២,៧ភាគរយ បើធៀបនឹងការព្យាករកាលពីខែកក្កដារបស់ខ្លួនដែលមានចំនួន ២,៩ភាគរយ ខណៈពេលដែលអត្រាការប្រាក់កាន់តែខ្ពស់ធ្វើឱ្យសេដ្ឋកិច្ចអាមេរិកថមថយ អឺរ៉ុបកំពុងតស៊ូជាមួយការឡើងថ្លៃឧស្ម័ន ហើយចិនប្រឈមនឹងការបន្តទប់ស្កាត់វិបត្តិកូវីដ-១៩ និងការធ្លាក់ចុះវិស័យអចលនទ្រព្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕